សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ប្រកាសបញ្ជូនរថក្រោះប្រយុទ្ធទំនើបៗរាប់សិបគ្រឿងទៅកាន់អ៊ុយក្រែន
- BY
- autoadmin
- January 26, 2023
សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានប្រកាសផែនការបញ្ជូនរថក្រោះប្រយុទ្ធទំនើបៗរាប់សិបគ្រឿងទៅអ៊ុយក្រែន ដែលត្រូវបានសាទរដោយទីក្រុងគៀវថា ជាចំណុចរបត់ដ៏មានសក្តានុពលក្នុងការប្រយុទ្ធរបស់ខ្លួននៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈទីក្រុងម៉ូស្គូបានថ្កោលទោសវាថា «ជាជំហានដ៏គ្រោះថ្នាក់បំផុត»។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានលើកសរសើរការប្តេជ្ញាចិត្ត និងបានជំរុញឱ្យសម្ព័ន្ធមិត្តផ្តល់រថក្រោះឱ្យបានឆាប់រហ័ស ដោយនិយាយថា អ៊ុយក្រែនឥឡូវនេះមាន «សម្ព័ន្ធរថក្រោះ។ ប៉ុន្តែរឿងសំខាន់ឥឡូវនេះគឺល្បឿន និងបរិមាណ។ ល្បឿនក្នុងការបណ្តុះបណ្តាលកងកម្លាំងរបស់យើង ល្បឿនក្នុងការផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែន។ ចំនួននៅក្នុងការគាំទ្ររថក្រោះ»។

លោក Andriy Yermak ប្រធានរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ការសន្យាក្នុងការបញ្ជូនរថក្រោះរហូតមកដល់ពេលនេះ «គ្រាន់តែជាការចាប់ផ្តើម។ យើងត្រូវការរថក្រោះរាប់រយគ្រឿងទៀត»។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់រថក្រោះ M1 Abrams ចំនួន ៣១ គ្រឿង បន្ទាប់ពីទីក្រុងប៊ែកឡាំង បាននិយាយថា ខ្លួននឹងផ្តល់រថក្រោះ Leopard 2 ។
លោក Biden បាននិយាយថា សហរដ្ឋអាមេរិកក៏កំពុងបញ្ជូនគ្រឿងបន្លាស់ និងឧបករណ៍ទៅអ៊ុយក្រែន ដែលចាំបាច់សម្រាប់ទ្រទ្រង់រថក្រោះទំនើបនេះ ដោយបន្ថែមថា ក្នុងពេលឆាប់ៗនេះ ទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមបណ្តុះបណ្តាលទាហានអ៊ុយក្រែន អំពីរបៀបប្រតិបត្តិការ និងថែទាំរថក្រោះ ដែលការចែកចាយនោះ លោកបានកត់សម្គាល់ថា នឹងចំណាយពេលយូរ។ ចំណែកឯ ប្រទេសអាល្លឺម៉ង់បាននិយាយថា ខ្លួននឹងបញ្ជូនរថក្រោះចំនួន ១៤ ចេញពីស្តុករបស់ខ្លួន ហើយថែមទាំងយល់ព្រមលើការដឹកជញ្ជូនដោយរដ្ឋសម្ព័ន្ធមិត្តនៅអឺរ៉ុបផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






