បុរសវ័យ២៧ឆ្នាំម្នាក់ ត្រូវបានតុលាការថៃដាក់ទោសឱ្យជាប់ពន្ធនាគារ ២៨ឆ្នាំ ក្រោយបានប្រមាថព្រះមហាក្សត្រនៅលើបណ្ដាញអ៊ីនធឺណិត
- BY
- autoadmin
- January 27, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle បានរាយការណ៍ថា តុលាការក្នុងខេត្តឈៀងរ៉ៃ របស់ប្រទេសថៃ បានសម្រេចដាក់ទោសបុរសវ័យ ២៧ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ២៨ឆ្នាំ ក្រោយបានបំពានច្បាប់ Lese-majeste ស្តីពីការបរិហារកេរ្តិ៍ព្រះមហាក្សត្រ នៅក្នុងការបង្ហោះចំនួន ១៤ ក្នុងចំណោម ២៧ នៅលើបណ្ដាញអ៊ីនធឺណិត។ ប្រទេសថៃប្រកាន់ខ្ជាប់នូវច្បាប់ Lese-majeste នេះខ្លាំងណាស់ ដើម្បីការពាររាជានិយមរបស់ពួកគេ ហើយមនុស្សរាប់រយនាក់រួចមកហើយ ដែលត្រូវបានចាប់ខ្លួននៅក្រោមច្បាប់នេះចាប់តាំងពីការតវ៉ាដ៏ធំក្នុងឆ្នាំ២០២០។

តុលាការបានរកឃើញថា លោក Mongkol Tirakote បានបំពានលើច្បាប់ប្រមាថព្រះមហាក្សត្រនៅក្នុងការបង្ហោះចំនួន ១៤ ក្នុងចំណោម ២៧ កាលពីក្នុងខែសីហាកន្លងទៅ។ គេបានរកឃើញថា ការបង្ហោះរបស់គាត់ផ្សេងទៀតមិនបានបំពានច្បាប់ទេ ដោយគ្រាន់តែពាក់ព័ន្ធនឹងអតីតព្រះមហាក្សត្រ Bhumibol Adulyadej ឬជាការបង្ហោះមិនបានបញ្ជាក់ជាក់លាក់។ មេធាវីរបស់បុរសគាត់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ទោសជាប់ពន្ធនាគារដើមឡើយគឺមានរហូតដល់ ៤២ឆ្នាំ ប៉ុន្តែត្រូវបានកាត់បន្ថយតាមការផ្តល់សក្ខីកម្មរបស់លោក Mongkol។ មេធាវីរបស់លោក Mongkol បាននិយាយថា កូនក្តីរបស់លោកមានបំណងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ។
តុលាការបានអនុញ្ញាតឱ្យសកម្មជនរូបនេះនៅក្រៅឃុំបណ្ដោះអាសន្ន ដោយការបង់ប្រាក់ចំនួន ៣០០,០០០ បាត (៩,១០០ ដុល្លារ) ខណៈករណីរបស់គាត់កំពុងស្ថិតក្នុងបណ្តឹងឧទ្ធរណ៍។ លោក Mongkol ក៏ប្រឈមនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រករណីទី៣ ជុំវិញការបង្ហោះតាមអ៊ីនធឺណិតកាលពីឆ្នាំមុន។ គាត់គ្រោងនឹងត្រឡប់ទៅតុលាការវិញនៅខែមីនា៕


អត្ថបទ៖ លីដា
ប្រភព៖ DW
- Share This Post:






