អន្តរជាតិ

មជ្ឈមណ្ឌល​ត្រួតពិនិត្យជំងឺឆ្លងអាមេរិក ព្រមានពីការបរិភោគផ្សិតម្ជុលរបស់ក្រុមហ៊ុនចិន Shandong Youhe ដែលអាចនាំឱ្យមានជំងឺធ្ងន់ធ្ងរ បាត់បង់ការមានគភ៌ ឬឈានដល់ការបាត់បង់ជីវិត

BY
autoadmin
January 30, 2023

យោងតាមការបង្ហោះដោយ មជ្ឈមណ្ឌល​ត្រួតពិនិត្យជំងឺឆ្លងរបស់អាមេរិក​ (CDC) បានឱ្យដឹងថា អ្នកជំនាញបានរកឃើញមេរោគម្យ៉ាងហៅថា Listeria ដែលមាននៅក្នុងផ្សិតម្ជុល Enoki របស់ក្រុមហ៊ុនចិន Shandong Youhe។ វាគឺជាមេរោគដែលអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងររហូតចូលមន្ទីរពេទ្យ ហើយជួនកាលអាចឈានដល់ការស្លាប់។ ករណីខ្លះវាក៏អាចបណ្តាលឱ្យបាត់បង់ការមានគភ៌ ឬសម្រាលកូនមិនគ្រប់ខែទៀតផង។ CDC បានបញ្ជាក់ថា អ្នកដែលមិនគួរបរិភោគផ្សិតម្ជុលនេះមានដូចជា៖ មនុស្សចាស់អាយុ​ ៦៥​ ឆ្នាំ​ឡេីងទៅ​ អ្នកមានផ្ទៃពោះ​ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។

ផ្សិតម្ជុល Enoki មានពណ៌ស និងមានដើមវែងស្តើងៗ ហើយពួកវាត្រូវបានលក់ជាញឹកញយជាចង្កោមទាំងឫសនៅក្នុងផ្លាស្ទិចបិទជិត។ ផ្សិតនេះមានភាពនិយមនៅក្នុងអាហារជប៉ុន ចិន និងកូរ៉េ ជាពិសេសគឺគេចូលចិត្តដាក់វាក្នុងស៊ុប, Hot pot និងម្ហូបឆាផ្សេងៗ។

កាលពីឆ្នាំ២០២០ CDC បានស៊ើបអង្កេតលើការផ្ទុះឡើងនៃមេរោគ Listeria នៅក្នុងសហរដ្ឋអាមេរិក ដែលទាក់ទងនឹងផ្សិតម្ជុល Enoki នេះ។ ការ​ផ្ទុះ​ឡើង​នេះ​បាននាំ​ឱ្យ​មានការ​ប្រមូល​ផ្សិត Enoki ​ចំនួន ៣ ប្រភេទដែល​នាំ​ចូល​ពី​ប្រទេស​កូរ៉េ។ ចាប់តាំងពីពេលនោះមក រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) និងមន្ត្រីសុខាភិបាលសាធារណៈមកពីរដ្ឋមួយចំនួន ក៏បាននឹងកំពុងប្រមូលសំណាកផ្សិត Enoki ហើយបានរកឃើញមេរោគ Listeria នៅក្នុងសំណាកជាច្រើន ដែលបណ្តាលឱ្យមានការប្រមូលមកវិញនូវផ្សិត Enoki ច្រើនជាង ២០ ប្រភេទ៕

អត្ថបទ៖ លីដា
ប្រភព៖ CDC

Share This Post: