ទាហានអ៊ុយក្រែនបានដល់ចក្រភពអង់គ្លេស ដើម្បីរៀនពីរបៀបប្រតិបត្តិការ និងថែទាំរថក្រោះ
- BY
- autoadmin
- January 30, 2023
ទាហានអ៊ុយក្រែនបានមកដល់ប្រទេសអង់គ្លេស ដើម្បីរៀនពីរបៀបប្រតិបត្តិការនិងថែទាំរថក្រោះ ដែលទីក្រុងឡុងដ៍បានសន្យាជាមួយក្រុងគៀវ ដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ ក្រសួងការពារជាតិអង់គ្លេសបានបង្ហោះនៅលើ Twitter កាលពីថ្ងៃអាទិត្យថា៖«ក្រុមអ្នកបើករថក្រោះអ៊ុយក្រែនបានមកដល់ចក្រភពអង់គ្លេស ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺន សម្រាប់ការបន្តប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី»។ មន្ត្រីការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ប្រទេសរបស់លោកនឹងចាប់ផ្តើមការហ្វឹកហ្វឺននៅថ្ងៃចន្ទនេះ។

អង់គ្លេសបាននិយាយថា ខ្លួននឹងផ្តល់រថក្រោះ Challenger 2 ដល់អ៊ុយក្រែន បន្តដោយការសន្យាស្រដៀងគ្នារបស់អាមេរិក និងអាល្លឺម៉ង់។ ជាមួយគ្នានេះ ក្រុមមន្ត្រីនៅតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយកាំភ្លើងធំទៅលើទីក្រុង Kherson ដោយបានបំផ្លាញមន្ទីរពេទ្យ សាលារៀន និងអគារផ្សេងៗទៀត។ មន្ត្រីបានបន្ថែមថា ការវាយប្រហារនេះបានធ្វើឱ្យមនុស្ស ៣ នាក់ស្លាប់ និងយ៉ាងហោចណាស់ ៦ នាក់ផ្សេងទៀតរួមទាំងគិលានុបដ្ឋាយិកាម្នាក់បានរងរបួស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






