អន្តរជាតិ

លោកប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យពលរដ្ឋធ្វើការពីផ្ទះ និងចៀសវាងសកម្មភាពក្រៅផ្ទះរយៈពេលយូរ ក្នុងកំឡុងពេលប្រឈមនឹងខ្យល់ពុល PM2.5

BY
autoadmin
February 2, 2023

រដ្ឋាភិបាល​ថៃ​ណែនាំ​ប្រជាជន​ឱ្យ​ពាក់​ម៉ាស់​ពេលចេញក្រៅ ហើយ​ពិចារណា​ធ្វើ​ការ​ពី​ផ្ទះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រនេះ ដើម្បី​ចៀសវាង ​ការបំពុល​បរិយាកាស​ PM2.5 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្យាករណ៍ថា ការបំពុលខ្យល់ PM2.5 នឹងកើនឡើងពាសពេញប្រទេសថៃ នៅថ្ងៃទី០២-៣ ខែកុម្ភៈ ដោយសារភាគល្អិតកកកុញនៅក្នុងខ្យល់។ ការបំពុលខ្យល់ PM2.5 នេះផងដែរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង និងសួត ក៏ដូចជាជំងឺមហារីក។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថា៖«នាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភអំពីសុខភាពរបស់ប្រជាជន ជាពិសេសក្រុមដែលងាយរងគ្រោះ ហើយបានណែនាំពួកគេឱ្យពាក់ម៉ាស់ ឬម៉ាស់ N95 នៅពេលចាកចេញពីផ្ទះ ហើយចៀសវាងសកម្មភាពក្រៅផ្ទះរយៈពេលយូរ»។ លោក ប្រាយុទ្ធ ក៏បានជំរុញឱ្យភ្នាក់ងាររដ្ឋាភិបាល និងអាជីវកម្មនានា ពិចារណាពីវិធីសាស្រ្តធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការបំពុលខ្យល់ពីចរាចរណ៍។

ខ្យល់ពុលនឹងប្រសើរឡើងចាប់ពីថ្ងៃសៅរ៍ នៅពេលខ្យល់មានចលនា ហើយចាប់ផ្តើមបំបែកភាគល្អិតបំពុលបរិយាកាសទាំងនោះ។ លោក Anucha បានណែនាំអ្នកដែលត្រូវចាកចេញពីផ្ទះឱ្យពាក់ម៉ាស់មុខ និងពិនិត្យមើលគុណភាពខ្យល់នៅក្នុងតំបន់របស់ពួកគេ តាមរយៈគេហទំព័រ ឬកម្មវិធី។ លោក​ថា អ្នក​ដែល​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ឬ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ធ្វើ​សកម្មភាព​ក្រៅ​ផ្ទះ។ យោងតាមគេហទំព័រ iqair.com បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មិនល្អខ្លាំង» នៅទីក្រុងបាងកក សាមុតប្រាកាន អយុធ្យា ផាតឆាប៊ុន កានចាន់បូរី និងប៉ាធុមថានី យោងតាមគេហទំព័រ iqair.com ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: