ជប៉ុនត្រៀមអនុវត្តគម្រោងចំនួន៦ចំណុចនេះ ដើម្បីជួយក្រុងភ្នំពេញកុំឲ្យលិចទឹកទៀត
- January 22, 2019
យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រាជធានីភ្នំពេញទទួលបានជំនួយឥតសំណងពីប្រទេសជប៉ុនសម្រាប់អនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ សំដៅកាត់បន្ថយជំនន់ទឹកភ្លៀង ក៏ដូចជាកាត់បន្ថយការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងតំបន់ខ្លះៗនៃខណ្ឌទួលគោក និងតំបន់បែកខាងជើងវត្តភ្នំ ក្នុងខណ្ឌដូនពេញ ដោយគម្រោងនេះនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ តទៅហើយបញ្ចប់នៅចុងខែតុលា ឆ្នាំ២០២១ ដែលគម្រោងនោះរួមមាន៖
១. ជីកដាក់បណ្ដាញលូមេប្រវែងប្រមាណ ៨.២០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់១ និងសង្កាត់បឹងកក់២ នៃខណ្ឌទួលគោក
២. ជីកដាក់បណ្ដាញលូមេប្រវែង ២.៨០០ម៉ែត្រ ក្នុងសង្កាត់វត្តភ្នំ និងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ
៣. សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាប់ដងទន្លេសាប
៤. ជីកដាក់បណ្ដាញលូស្ទាក់ទឹកកខ្វក់ ប្រវែងប្រមាណ ១.៦០០ម៉ែត្រ តាមតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីអាងស្តុកទឹកក្រោមដី និង សាងសង់ស្ថានីយបូមទឹកក្រោមដី ដើម្បីបូមទឹកកខ្វក់បញ្ជូនទៅបណ្ដាញលូមេ នៅផ្លូវលេខ៧០
៥. បំពាក់របាមេកានិចកស្វ័យប្រវត្តិ ដើម្បីត្រងសំរាមនៅស្ថានីយបូមទឹកចតុមុខ ស្ថានីយបូមទឹកព្រះគម្លង់ ស្ថានីយបូមទឹកផ្សារកណ្ដាល និងស្ថានីយបូមទឹកផ្សារចាស់ ដែលបានសាងសង់រួច នៅក្នុងគម្រោងជំហានទី២
៦. ផ្គត់ផ្គង់រថយន្តបំពាក់ម៉ាស៊ីនបូមទឹកចល័ត ចំនួន២គ្រឿង

អត្ថបទ៖ សេម
- Share This Post:






