ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ហ៊្សែលឡិនស្គី បានអញ្ជើញប្រធានាធិបតីចិនលោក ស៊ី ជីនពីង ឱ្យមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

    BY autoadmin March 29, 2023
    លោក ហ៊្សែលឡិនស្គី បានអញ្ជើញប្រធានាធិបតីចិនលោក ស៊ី ជីនពីង ឱ្យមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

    សារព័ត៌មាន Associated Press នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី បានអញ្ជើញប្រធានាធិបតីចិនលោក ស៊ី ជីនពីង ឱ្យមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដោយលោកនិយាយថា៖«យើងត្រៀមខ្លួនជាស្រេច ដើម្បីជួបគាត់នៅទីនេះ»។ ជម្រាបផងដែរថា លោក ស៊ី មិនដែលបាននិយាយជាមួយលោក ហ៊្សែលឡិនស្គី នោះទេ ចាប់តាំងពីរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន ប៉ុន្តែប្រទេសចិនបានចេញផ្សាយផែនការ ១២ ចំណុច សម្រាប់ដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែនកាលពីខែមុននេះ។

    លោក ស៊ី បានពិភាក្សាអំពីជម្លោះជាមួយមិត្តសម្លាញ់របស់គាត់ គឺប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខណៈពេលដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងមូស្គូកាលពីសប្តាហ៍មុន បើទោះបីជាកិច្ចពិភាក្សាមិនបានបង្ហាញពីវឌ្ឍនភាពលើរបៀបបញ្ចប់សង្រ្គាមក៏ដោយ។ សំណើ​របស់​ចិន​រួម​មាន​ ការ​អំពាវ​នាវ​ឱ្យមាន​ការ​បន្ធូរបន្ថយ​ និង​បទ​ឈប់​បាញ់​ជា​យថាហេតុ​នៅ​អ៊ុយក្រែន។

    ប៉ុន្តែ​អាមេរិក​បាន​ច្រានចោល​សំណើ​នេះ ដោយនិយាយ​ថា ​ចិន​បាន​បដិសេធ​មិន​ថ្កោលទោស​រុស្ស៊ី​ជុំវិញ​ការ​ឈ្លានពាននោះឡើយ។ សហរដ្ឋ​អាមេរិក​និយាយ​ថា បទ​ឈប់​បាញ់​នៅ​ពេល​នេះ​អាចឱ្យ​រុស្ស៊ីទទួលបានផលចំណេញ ហើយ​ផ្តល់​ពេល​វេលា​បន្ថែម​ទៀត​ដល់​កងទ័ព​របស់​លោក ពូទីន ដើម្បី​រៀបចំ​ក្រុម​ឡើង​វិញ។ អ៊ុយក្រែនស្វាគមន៍ចំពោះការចូលរួមការទូតរបស់ចិន ប៉ុន្តែលោក ហ៊្សែលឡិនស្គី បាននិយាយថា លោកនឹងពិចារណាដំណោះស្រាយសន្តិភាព លុះត្រាតែទាហានរុស្ស៊ីចាកចេញពីទឹកដីអ៊ុយក្រែន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: