យ៉ាងហោចណាស់មនុស្ស ១១នាក់ បានបាត់បង់ជីវិត ដោយសារការរត់ជាន់គ្នានៅប៉ាគីស្ថានអំឡុងទទួលជំនួយសប្បុរសធម៌
- BY
- autoadmin
- April 1, 2023
យ៉ាងហោចណាស់មនុស្ស ១១នាក់ រួមទាំងកុមារ ៣នាក់ បានស្លាប់ នៅក្នុងការរត់ជាន់គ្នាមួយនៅទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ ប៉ូលិសក្នុងតំបន់បាននិយាយថា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅរោងចក្រមួយកាលពីថ្ងៃសុក្រ ជាកន្លែងដែលមានការចែកចាយប្រាក់ និងជំនួយសប្បុរសធម៌ សម្រាប់បុណ្យរ៉ាម៉ាដានរបស់អ៊ីស្លាម។ ពួកគេនិយាយថា សមាជិកគ្រួសារកម្មកររោងចក្រស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ ដោយពួកគេបានដួល ហើយត្រូវបានអ្នកផ្សេងជាន់ពីលើ ខណៈអ្នកខ្លះទៀតត្រូវបានគេនិយាយថាបានរងរបួស។

ប៉ូលីសបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ រួមទាំងកម្មកររោងចក្រផងដែរ ដោយនិយាយថា ពួកគេមិនបានផ្តល់ដំណឹងដល់អាជ្ញាធរមុនពេលចែកចាយលុយ និងមិនមានវិធានការសុវត្ថិភាពត្រឹមត្រូវនៅទីតាំងនោះទេ។ ជម្រាបដែរថា ដោយសារភាពញាំញីនៃការខ្វះខាតការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងអស្ថិរភាពរូបិយប័ណ្ណឥតឈប់ឈរ សេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថានត្រូវបានគេនិយាយថា ស្ថិតក្នុងស្ថានភាពវឹកវរ។ ប្រជាជនកំពុងជួបការលំបាកជាមួយនឹងតម្លៃអាហារខ្ពស់ ដោយសារតែអតិផរណាកើនឡើងក្នុងកំណត់ត្រា។ រដ្ឋាភិបាលក៏កំពុងចែកម្សៅជួយគ្រួសារក្រីក្រផងដែរ ហើយមនុស្សយ៉ាងតិច ៥នាក់បានស្លាប់ ដោយសារការរត់ជាន់គ្នានៅមជ្ឈមណ្ឌលចែកចាយម្សៅក្នុងខែមីនាកន្លងទៅ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






