អន្តរជាតិ

អ៉ីតាលីបានក្លាយជាប្រទេសដំបូងគេ ដែលហាមឃាត់ ChatGPT ជុំវិញបញ្ហាឯកជនភាពរបស់អ្នកប្រើប្រាស់

BY
autoadmin
April 1, 2023

អាជ្ញាធរការពារទិន្នន័យរបស់រដ្ឋាភិបាលអ៉ីតាលីកាលពីថ្ងៃសុក្រ បានដាក់ការហាមឃាត់ជាបណ្តោះអាសន្ននូវមុខងារ chatbot របស់ ChatGPT របស់ក្រុមហ៊ុន OpenAI ហើយក៏បានចាប់ផ្តើមការស៊ើបអង្កេតលើកម្មវិធី AI មួយនេះ ក្រោមការសង្ស័យថា បានបំពានច្បាប់ឯកជនភាពរបស់អ្នកប្រើប្រាស់។ ទីភ្នាក់ងារនេះមានឈ្មោះហៅកាត់ថា Garante បានចោទប្រកាន់ OpenAI ដែលមានការគាំទ្រដោយ Microsoft ថាបានខកខានក្នុងការត្រួតពិនិត្យអាយុរបស់អ្នកប្រើ ChatGPT ដែលយ៉ាងហោចណាស់ត្រូវមានអាយុ ១៣ឆ្នាំ ឬលើសពីនេះ។

Garante បាននិយាយថា ChatGPT មិនមានលក្ខណៈគ្រប់គ្រាន់ ដែលបង្ហាញអំពីភាពត្រឹមត្រូវនៃការប្រមូល និងការផ្ទុកទិន្នន័យផ្ទាល់ខ្លួន ដើម្បីបណ្តុះបណ្តាល chatbot របស់កម្មវិធីនោះទេ។ OpenAI មានពេល ២០ថ្ងៃ ដើម្បីឆ្លើយតបជាមួយនឹងដំណោះស្រាយ ឬអាចប្រឈមនឹងការផាកពិន័យរហូតដល់ ២០ លានអឺរ៉ូ (២១.៦៨ លានដុល្លារ) ឬ ៤% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនទូទាំងពិភពលោក។ ឥឡូវនេះ OpenAI បានបិទ ChatGPT សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសអ៉ីតាលី តាមសំណើរបស់ Garante ។

គេហទំព័រ ChatGPT មិនអាចចូលបានទៀតទេនៅក្នុងប្រទេសអ៉ីតាលី ដោយម្ចាស់គេហទំព័របានកំណត់ការរឹតបន្តឹង ដែលរារាំងអ្នកប្រើប្រាស់មិនឱ្យចូលប្រើគេហទំព័រនោះ។ OpenAI បានបន្ថែមថា៖«យើងធ្វើការយ៉ាងសកម្មដើម្បីកាត់បន្ថយទិន្នន័យផ្ទាល់ខ្លួន ក្នុងការបណ្តុះបណ្តាលប្រព័ន្ធ AI របស់យើងដូចជា ChatGPT ពីព្រោះយើងចង់ឱ្យ AI របស់យើងសិក្សាអំពីពិភពលោក មិនមែនអំពីបុគ្គលឯកជននោះទេ»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: