អន្តរជាតិ

ហ៊្សែលឡិនស្គី៖ រុស្ស៊ីបានឡើង​​​ជា​ប្រធានផ្លាស់វេន​​​នៃក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. គឺជារឿងមិនសមហេតុផលទាល់តែសោះ

BY
autoadmin
April 3, 2023

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy (ហ៊្សែលឡិនស្គី) បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះរុស្ស៊ី ដែលបានធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។ លោកបាននិយាយនៅក្នុងវីដេអូមួយថា តំណែងប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែរបស់ទីក្រុងម៉ូស្គូ គឺជាក់ស្តែង «មិនសមហេតុផល និងជាការបំផ្លិចបំផ្លាញ»។ លោក ហ៊្សែលឡិនស្គី ក៏បាននិយាយផងដែរថា ក្មេងប្រុសអាយុ ៥ខែម្នាក់ ទើបតែត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់រុស្ស៊ីទៅលើទីក្រុង Avdiivka ភាគខាងកើតអ៊ុយក្រែន។ លោក​បាន​និយាយ​ថា ការ​វាយ​ប្រហារ​បែប​នេះ​គឺ​ជាការ​វាយ​ប្រហារ​មួយ​ក្នុង​ចំណោម​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​រាប់​រយ ដែល​រដ្ឋ​ភេរវករមួយនោះ​បានបាញ់បោះ​ជា​រៀង​រាល់​ថ្ងៃ។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Hanna Malyar បាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីកំពុងបើកការវាយលុក ដើម្បីឡោមព័ទ្ធទីក្រុង Avdiivka ចម្ងាយប្រហែល 50 គីឡូម៉ែត្រពីភាគខាងត្បូងនៃ Bakhmut ។ លោកស្រី​ក៏​បាន​និយាយ​ដែរ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​បន្ត​ការ​ប៉ុនប៉ង​របស់​ពួកគេ ​ដើម្បី​ឈាន​ទៅ​កាន់​ចំណុច​កណ្តាល​នៃតំបន់ Bakhmut។ កាលពីថ្ងៃអាទិត្យ វិមានក្រឹមឡាំងបានបញ្ចេញសារមួយ ដែលផ្ញើដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់សមភាគីបេឡារុសលោក Alexander Lukashenko ដើម្បីគាំទ្រថ្ងៃនៃការរួបរួមរបស់ប្រជាជនរុស្ស៊ី និងបេឡារុស្ស។ ក្នុងសារនោះ លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងវិស័យផ្សេងៗទៀត ដើម្បីទប់ទល់នឹងទណ្ឌកម្មដែលដាក់ដោយប្រទេសលោកខាងលិច។ កាល​ពី​ខែ​មុនលោក ពូទីន ក៏បាន​ប្រកាស​ពី​ផែនការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​បេឡារុស្ស។ គាត់ត្រូវបានគេរំពឹងថា នឹងជួបដោយផ្ទាល់ជាមួយ Lukashenko ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីការដាក់ពង្រាយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: