ប្រពន្ធ័ត្រួតពិនិត្យលិខិតឆ្លងដែនស្វ័យប្រវត្តិ e-gate ដោយមិនចាំបាច់បោះត្រា បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ
- February 1, 2019
អគ្គនាយកអន្តោប្រវេសន៍ បានដាក់អោយដំណើរការប្រព័ន្ធច្រកទ្វារអេឡិចត្រូនិច នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ជាផ្លូវការ។ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជេីញជាអធិបតី ក្នុងពិធីដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវប្រព័ន្ធ E-Gate សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលប្រេីប្រាស់ E-Passport (លិខិតឆ្លងដែនប្រភេទថ្មី សុពលភាព ១០ឆ្នាំ និងមាន Chip) នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អមដំណេីរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា, លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពី នាយ-នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ការដាក់ដំណើរការប្រព័ន្ធថ្មីបែបទំនើបនេះ គឺបានជួយសម្រួលច្រើន ដូចជាកាត់បន្ថយពេលវេលា សន្សំទំព័រ និងមិនបាច់បំពេញទម្រង់បែបបទជាដើម។ នីតិវិធីងាយៗ៣យ៉ាងប៉ុណ្ណោះ ដែលអ្នកប្រើប្រាស់លិខិតឆ្លងដែនត្រូវយល់ដឹង គឺ ដាក់ស្កេនសំបុត្រឡើងយន្តហោះចូលម៉ាស៊ីនស្កេន រួចសកទំព័រទិន្នន័យនៃលិខិតឆ្លងដែន ដែលមានរូបថតក្នុងម៉ាស៊ីនស្កេន មើលការណែនាំ ដែលមាននៅលើអេក្រង់ រួចស្កេនម្រាមដៃណាមួយក៏បាន ជាការស្រេច។ ករណីមានភាពមិនដំណើរការ ដោយប្រការណាមួយ អ្នកប្រើប្រាស់ អាចស្នើសុំជំនួយ ពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការផ្ទាល់នៅទីនោះ៕










ប្រភព៖ នាយកដ្ឋានច្រកទ្វារទី១
អត្ថបទ៖ ណារ៉ែន
- Share This Post:






