ព្យុះកំបុតត្បូងបានឆក់យកជីវិតមនុស្សចំនួន ៣២នាក់ នៅភាគខាងត្បូងនិងភាគខាងលិចកណ្តាលរបស់សហរដ្ឋអាមេរិក
- BY
- autoadmin
- April 3, 2023
ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំងក្លា ដែលបានបក់បោកនៅតំបន់ភាគខាងត្បូង និងភាគខាងលិចកណ្តាលរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់យ៉ាងហោចណាស់ ៣២នាក់ កាលពីចុងសប្តាហ៍ នេះបើយោងតាមការរាយការណ៍របស់មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយ។ នៅទីក្រុង Memphis រដ្ឋ Tennessee មានកុមារ ២នាក់ និងមនុស្សពេញវ័យម្នាក់ត្រូវបានគេរកឃើញថា បានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីខ្យល់ព្យុះខ្លាំងបានបោកបក់ដើមឈើរលំលើផ្ទះជាច្រើនខ្នង នេះបើយោងតាមនាយកដ្ឋានប៉ូលីសក្រុង Memphis ។

ក្នុងខោនធី McNairy នៃរដ្ឋ Tennessee ក្រុមមន្ត្រីបានរាយការណ៍ថាមនុស្ស ២ នាក់បានស្លាប់ ខណៈទើបបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៧នាក់ កាលពីថ្ងៃសៅរ៍។ នាយកដ្ឋានសុខាភិបាលរដ្ឋ Tennessee កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានការស្លាប់ទាក់ទងនឹងអាកាសធាតុចំនួន ៣ នាក់បន្ថែមទៀត នៅក្នុងស្រុកចំនួន ៣ ដាច់ដោយឡែក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ នៅតំបន់ខោនធី Owen រដ្ឋ Indiana សាកសពរបស់ប្តីប្រពន្ធមួយគូត្រូវបានគេរកឃើញនៅឯកន្លែងបោះជំរុំក្នុងឧទ្យាន McCormick’s Creek State Park នេះបើយោងតាមនាយកដ្ឋានធនធានធម្មជាតិរបស់រដ្ឋ។
ចំណែកការស្លាប់ ១៥នាក់ផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Arkansas, Illinois, Indiana, Delaware, Mississippi និង Alabama ខណៈមនុស្សរាប់សិបនាក់បានរងរបួស និងអគារជាច្រើនបានរងការខូចខាត ឬបំផ្លាញ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






