អន្តរជាតិ

ហ្វាំងឡង់បានក្លាយជាសមាជិកផ្លូវការ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ)

BY
autoadmin
April 5, 2023

ហ្វាំងឡង់បានចូលរួមជាផ្លូវការជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង «ណាតូ» ដែលធ្វើឱ្យប្រទេសនៅតំបន់ Nordic មួយនេះ បានក្លាយជាសមាជិកទី៣១ នៃសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោក។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសការចូលជាសមាជិក ជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងប្រ៊ុចសែល។ ព្រឹត្តិការណ៍នេះគឺជាចុងបញ្ចប់នៃការមិនចូលបក្សសម្ព័ន្ធយោធា ជាច្រើនទសវត្សរ៍របស់ហ្វាំងឡង់។

ទីក្រុង Helsinki បានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ឆ្លើយតបទៅនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីលើអ៊ុយក្រែន ហើយខ្លួនបានដាក់ស្នើចូលជាសមាជិកភាពរបស់អង្គការណាតូ រួមជាមួយប្រទេសស៊ុយអែត តាំងតែពីខែឧសភាឆ្នាំមុនមកម្ល៉េះ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានជំទាស់នឹងការពង្រីកឥទ្ធិពលរបស់ណាតូជាយូរមកហើយ ខណៈអ្នកនាំពាក្យរបស់លោកបាននិយាយថា ទីក្រុងម៉ូស្គូនឹងត្រូវបង្ខំចិត្តឆ្លើយតបទៅវិញ ដើម្បីធានាសន្តិសុខរបស់រុស្ស៊ី។ ឥឡូវនេះបញ្ហានៅត្រង់ថា តើស៊ុយអែតអាចចូលរួមជាមួយ ណាតូ ដូចដែលហ្វាំងឡ់ងធ្វើបានឬទេ ព្រោះថា ប្រទេសតួកគី និងហុងគ្រី កំពុងដាក់សម្ពាធមិនគាំទ្រទីក្រុង Stockholm នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: