Apple បានចុះប៉ាតង់ប្រអប់ AirPods ប្រភេទថ្មី ដែលមានមកជាមួយអេក្រង់ touchscreen យ៉ាងស្រស់ស្អាត
- BY
- autoadmin
- April 6, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន 9to5mac បានរាយការណ៍ថា Apple បានចុះប៉ាតង់សម្រាប់ប្រអប់ AirPods ប្រភេទ touchscreen ជាមួយនឹងការិយាល័យ US Patent & Trademark របស់សហរដ្ឋអាមេរិក។ នេះមានន័យថា AirPods នឹងមានការរចនា និងមុខងារថ្មីៗជាច្រើន ចាប់តាំងពីកាសគ្មានខ្សែមួយនេះបានបង្ហាញខ្លួននៅឆ្នាំ២០១៦។ អេក្រង់ Display នៅលើប្រអប់ AirPods ដែលបានចុះប៉ាតង់នោះ ក៏នឹងមានមកជាមួយនឹងកម្មវិធីដូចជា៖ ផែនទី អាកាសធាតុ និងការជូនដំណឹង នៅពីលើមុខងារដើមរបស់វាផងដែរ។

យោងតាមគំរូនៅក្នុងប៉ាតង់បានឱ្យដឹងថា អ្នកប្រើប្រាស់នឹងអាចផ្លាស់ប្ដូរកម្មវិធី (apps) ដោយការបញ្ជាទៅ Siri ហើយវាក៏ទំនងអាចផ្ទេរបទចម្រៀងពី AirPods ទៅ HomePod ដោយប្រើ Handoff ទៀតផង។ ប៉ាតង់នេះត្រូវបានដាក់ជូនដោយ Apple ក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលបង្ហាញថា ក្រុមហ៊ុនបានផ្ដោតយ៉ាងខ្លាំងលើគំនិតរចនានេះ។ ជាការពិតណាស់ Apple បានដាក់ឯកសារប៉ាតង់ជាច្រើន ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានប្រើជាក់ស្ដែងលើឧបករណ៍របស់ពួកគេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ វាគួរឱ្យចាប់អារម្មណ៍ក្នុងការស្រមៃថា AirPods ដំណើរការប្រព័ន្ធប្រតិបត្តិការដែលមានមូលដ្ឋានលើ UI ជាមួយនឹងអេក្រង់ touchscreen ៕


អត្ថបទ៖ លីដា
ប្រភព៖ 9to5mac
- Share This Post:






