អង្គការសុខភាពពិភពលោកបាននិយាយថា មនុស្សពេញវ័យ ១ ក្នុងចំណោម ៦នាក់ កំពុងជួបប្រទះភាពគ្មានកូន
- BY
- autoadmin
- April 6, 2023
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ប្រហែល ១៧.៥% នៃមនុស្សពេញវ័យនៅទូទាំងពិភពលោក ត្រូវបានរងផលប៉ះពាល់ដោយភាពគ្មានកូន នៅពេលណាមួយក្នុងជីវិតរបស់ពួកគេ ហើយមានភាពខុសគ្នាតិចតួចប៉ុណ្ណោះ រវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា៖«ជាសកល តាមការប៉ាន់ស្មាន មនុស្ស ១នាក់ ចំណោមមនុស្ស ៦នាក់ បានរងផលប៉ះពាល់ដោយអសមត្ថភាពក្នុងការមានកូននៅចំណុចណាមួយក្នុងជីវិតរបស់ពួកគេ។ នេះមិនថាពួកគេរស់នៅទីណា និងមានធនធានអ្វីក៏ដោយ»។

របាយការណ៍វិភាគការសិក្សាដែលធ្វើឡើងពីឆ្នាំ១៩៩០ ដល់ឆ្នា២០២១ បានរកឃើញថា មនុស្សពេញវ័យនៅប្រទេសមានប្រាក់ចំណូលខ្ពស់ ១៧.៨% បានរងផលប៉ះពាល់ដោយភាពគ្មានកូន ក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេ ខណៈនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមគឺមាន ១៦.៥%។ លោក Tedros បាននិយាយថា របាយការណ៍នេះបានគូសបញ្ជាក់ការពិតដ៏សំខាន់មួយ គឺភាពគ្មានកូនមិនរើសមុខនោះទេ។
ភាពគ្មានកូន គឺជាជំងឺនៃប្រព័ន្ធបន្តពូជរបស់បុរស ឬស្ត្រី ដែលត្រូវបានកំណត់ដោយការបរាជ័យក្នុងការមានផ្ទៃពោះ បន្ទាប់ពី១២ខែ ឬច្រើនជាងនេះ នៃការរួមភេទដោយមិនបានការពារជាទៀងទាត់។ អង្គការសុខភាពពិភពលោកបានកំណត់បញ្ហានេះថាជា បញ្ហាប្រឈមសុខភាពដ៏សំខាន់នៅទូទាំងពិភពលោក។ ប៉ុន្តែវាក៏មានលំបាកក្នុងការប្រៀបធៀបស្ថានភាពនៅតាមតំបន់ផ្សេងៗ ដោយសារតែកង្វះទិន្នន័យ ដោយបានព្រមានថា មានការប្រែប្រួលសំខាន់ៗនៅក្នុងទិន្នន័យដែលបានប្រមូល៕

អត្ថបទ៖ លីដា
ប្រភព៖ WHO
- Share This Post:






