កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានឈរឈ្មោះជាបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ដ្រីថៃ
- BY
- autoadmin
- April 7, 2023
គណបក្សភឿថៃបានដាក់លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យឈរឈ្មោះជាបេក្ខភាពមួយរូប សម្រាប់តំណែងជានាយករដ្ឋមន្ដ្រីថៃ។ គណបក្សនេះបានធ្វើការប្រមូលផ្តុំយុទ្ធនាការធំមួយកាលពីថ្ងៃពុធ នៅជិតទីក្រុងបាងកក ខណៈកំពុងនាំមុខការប្រកួតប្រជែងជាមួយនឹងសំឡេង ៥០% ពីអ្នកបោះឆ្នោត នេះបើយោងទៅតាមការស្ទង់មតិចុងក្រោយ។ លោកស្រី Paetongtarn បាននិយាយថា គណបក្សរបស់គាត់នឹងធ្វើការជាមួយគ្នាដើម្បី «យកលទ្ធិប្រជាធិបតេយ្យមកវិញ» ហើយវាគឺជាការយកមកវិញនូវជីវភាពរស់នៅដ៏ល្អ និងភាពចម្រុងចម្រើន ដែលបានបាត់បង់កាលពីអតីតកាល។

លោកស្រី Paetongtarn បាននិយាយថា គាត់ត្រូវការឈ្នះដោយមានសំឡេងភាគច្រើន ហើយគណបក្សរបស់លោកស្រីត្រូវបានគេរំពឹងថា នឹងទទួលបានអាសនៈភាគច្រើននៅក្នុងសភា។ ចំណែកនាយករដ្ឋមន្ត្រីកំពុងកាន់អំណាចលោក ប្រាយុទ្ធ ចាន់អូចា បានឈរឈ្មោះជាបេក្ខភាព ជាមួយគណបក្សរួបរួមជាតិថៃ (United Thai Nation)។ ការស្ទង់មតិចុងក្រោយបានធ្វើឱ្យគណបក្សលោក ប្រាយុទ្ធ ឈរនៅលេខ៣ ក្នុងការប្រកួតប្រជែង ពោលគឺមានសំឡេងប្រហែល ១២%។ រំលឹកដែរថា លោកបានដឹកនាំរដ្ឋប្រហារយោធារបស់ប្រទេសថៃក្នុងឆ្នាំ២០១៤ ហើយបានតាំងខ្លួនជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ ក្រោយមកគាត់បានក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីឈ្នះការបោះឆ្នោតឆ្នាំ២០១៩៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






