វៀតណាមអាចនឹងឈានដល់ការហាមប្រាម TikTok ប្រសិនបើមិនលុបមាតិកាដែលបំពានតាមការណែនាំ
- BY
- autoadmin
- April 8, 2023
ក្រសួងព័ត៌មានវៀតណាមបាននិយាយថា TikTok អាចនឹងត្រូវបានហាមឃាត់ ប្រសិនបើវាមិនព្រមលុបមាតិកាដែលបំពានតាមការណែនាំរបស់អាជ្ញាធរនៃប្រទេសវៀតណាម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ក្រសួងព័ត៌មានបាននិយាយថា៖«ច្បាប់វៀតណាមមានអំណាចគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពតាមអ៊ីនធឺណិត ហើយគ្មានការកំណត់ចំពោះការហាមឃាត់ ឬលុបកម្មវិធីដែលបំពាននោះទេ»។ ជាមួយគ្នានេះដែរ អាជ្ញាធរមានអំណាចទាំងផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងការទូត ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងវេទិកាអន្តរជាតិនានា។

វិធានការសេដ្ឋកិច្ចរួមមានការកាត់ផ្តាច់លំហូរប្រាក់ ដោយវេទិកាត្រូវបានកាត់ផ្តាច់ពីការផ្សាយពាណិជ្ជកម្ម ធនាគារ និងពាណិជ្ជកម្មអេឡិចត្រូនិក។ ខាងផ្នែកបច្ចេកទេស រដ្ឋាភិបាលអាចបិទ domain និងម៉ាស៊ីនមេរបស់វា ប្រសិនបើវេទិកាមិនលុបខ្លឹមសារដែលបំពានតាមសំណើរបស់អាជ្ញាធរ។ ក្រសួងព័ត៌មានក៏អាចណែនាំសាធារណជន កុំឱ្យប្រើវេទិកាដែលមានខ្លឹមសារបំពុលផងដែរ។
វៀតណាមតែងតែមានចំណាត់ការចំពោះវេទិកាអន្តរជាតិណាមួយ ដែលគ្មានការិយាល័យនៅក្នុងប្រទេសខ្លួនដូចជា Facebook និង YouTube ជាដើម ដោយតម្រូវឱ្យពួកគេលុបចោលមាតិកាដែលប៉ះពាល់ផ្សេងៗ។ ប៉ុន្តែក្នុងករណីជាច្រើន វេទិកាអន្តរជាតិទាំងនេះមិនបានអនុវត្តតាមទេ ហើយថែមទាំងជួយផ្សព្វផ្សាយមាតិកាប៉ះពាល់ទាំងនោះទៀតផង។ យ៉ាងណាមិញ TikTok មានការិយាល័យនៅក្នុងប្រទេសវៀតណាម ដូច្នេះមន្ត្រីមកពីក្រសួងមួយចំនួន ត្រូវបានកំណត់ឱ្យធ្វើការត្រួតពិនិត្យយ៉ាងទូលំទូលាយនៅក្នុងខែឧសភាខាងមុខនេះ ពាក់ព័ន្ធនឹងការចែកចាយខ្លឹមសារ ទំនួលខុសត្រូវលើពន្ធ ប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិក និងការផ្សាយពាណិជ្ជកម្ម៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






