អន្តរជាតិ

WHO បានបញ្ជាក់ពីករណីមរណភាពដោយសារជំងឺផ្តាសាយបក្សី H3N8 ជាលើកដំបូងបំផុតនៅក្នុងប្រទេសចិន

BY
autoadmin
April 12, 2023

អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ត្រីម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H3N8 នៅក្នុងប្រទេសចិន ដែលនេះគឺជាការស្លាប់ចំពោះមនុស្សជាលើកដំបូងបំផុត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ជំងឺផ្តាសាយបក្សី H3N8 ត្រូវ​បាន​គេ​ដឹង​ថា ​បាន​រាតត្បាតចាប់​តាំង​ពី​ឆ្នាំ២០០២ បន្ទាប់​ពី​បាន​លេច​ចេញ​ជា​លើក​ដំបូង​ នៅ​ក្នុង​ហ្វូង​សត្វ​មាន់ទឹក (waterfowl) ​នៅ​អាមេរិក​ខាង​ជើង។ វាក៏ជាជំងឺដែលអាចឆ្លងលើសត្វសេះ ឆ្កែ និងឆ្មាទឹកផងដែរ។ H3N8 មិន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើមនុស្ស​ទេ លុះរហូតដល់ក្នុង​ខែ​មេសា និង​ឧសភា​ឆ្នាំ​មុន មានករណីចំនួន ២ ត្រូវបានបញ្ជាក់នៅក្នុងប្រទេសចិន។

ស្ត្រី​ដែល​បាន​ស្លាប់​នោះ​មាន​អាយុ​ ៥៦​ឆ្នាំ​ មក​ពី​ខេត្ត​ក្វាងទុង​ភាគ​អាគ្នេយ៍​ប្រទេស​ចិន ដោយគាត់បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២២ ខែកុម្ភៈ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងបញ្ហារលាកសួតធ្ងន់ធ្ងរ នៅថ្ងៃទី០៣ ខែមីនា ហើយបានស្លាប់នៅថ្ងៃទី១៦ ខែមីនា។ ស្ត្រី​រូបនោះក៏មានបញ្ហាសុខភាពជាប់ខ្លួនស្រាប់ ធ្លាប់មានប្រវត្តិប៉ះពាល់បក្សីរស់ ហើយក៏ធ្លាប់មានបក្សីព្រៃ ហោះហើរនៅជុំវិញផ្ទះរបស់គាត់ផងដែរ។ អ្នកដែលបានប៉ះពាល់ជាមួយគាត់ ពុំមាននរណាម្នាក់មានចេញរោគសញ្ញាអ្វីនៅឡើយទេ ដោយសារជំងឺនេះមិនងាយនឹងឆ្លងពីមនុស្សទៅកាន់មនុស្សដទៃនោះទេ។ អ្នកដែលបានឆ្លងជំងឺនេះ គឺដោយសារតែពួកគេប៉ះពាល់ដោយផ្ទាល់ជាមួយបក្សីដែលមានមេរោគ បក្សីងាប់ ឬបរិស្ថានកខ្វក់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: