ឥណ្ឌាបំបែកកំណត់ត្រាពិភពលោក ដោយនាំគ្នាដាំដើមឈើ ៦៦ លានដើមក្នុងពេលត្រឹមតែ ១២ ម៉ោង
ឥណ្ឌាបានបំបែកកំណត់ត្រាចាស់របស់ខ្លួន និងបានទទួលកំណត់ពិភពលោកថ្មីដោយអាចដាំដើមឈើបានចំនួន ៦៦ លានដើម ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះ។ ការដាំដើមឈើលក្ខណៈទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងនៅតាមដងទន្លេ Narmada ស្ថិតនៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលនៃប្រទេសឥណ្ឌា និងត្រូវការអ្នកស្ម័គ្រចិត្តចូលរួមជួយដាំចំនួន ១,៥ លាននាក់។ បើតាមកំណត់ត្រាចាស់កាលពីឆ្នាំ ២០១៦ ឥណ្ឌាធ្លាប់ដាំដើមឈើបាន ៥០ លានដើម ក្នុងរយៈពេល ១ ថ្ងៃ ដែលពេលនោះមានអ្នកស្ម័គ្រចិត្តចូលរួមជួយដាំត្រឹមតែ ៨០០,០០០ នាក់ប៉ុណ្ណោះ។
បើតាមលោក Shivraj Singh Chouhan អភិបាលរដ្ឋខាងលើនេះបានឲ្យដឹងថា ការដាំដើមឈើលក្ខណៈទ្រង់ទ្រាយធំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង់ចង់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋឥណ្ឌាគ្រប់រូបឲ្យងាកមកយកចិត្តទុកដាក់ និងស្រលាញ់ព្រៃឈើឲ្យខ្លាំងជាងមុន ដ្បិតឥណ្ឌាកំពុងត្រូវការព្រៃឈើយ៉ាងខ្លាំងដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ។ បើតាមគម្រោង រដ្ឋាភិបាលឥណ្ឌានឹងចាយលុយ ៦,២ ពាន់លានដុល្លារ ដើម្បីដាំដើមឈើឲ្យបាន ៩៥ លានហិចតាត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ truththeory