អាជ្ញាធរថៃធ្វើការផាកពិន័យយានយន្តជាង ១០,០០០ គ្រឿង ដែលបានបញ្ចេញផ្សែងច្រើនលើសកម្រិតស្តង់ដារសុវត្ថិភាព
ថៃ៖ យានយន្តជាច្រើនប្រភេទសរុបប្រមាណជា ១០,០០០ គ្រឿង ត្រូវបានប៉ូលិសចរាចរណ៍ថៃរកឃើញថា បានបញ្ចេញផ្សែងច្រើនលើសកម្រិតស្តង់ដារសុវត្ថិភាព នេះបើតាមរបាយការណ៍ចុះពិនិត្យ និងធ្វើការផាកពិន័យរបស់មន្ទីរសាធារណៈ និងដឹងកជញ្ជូនរបស់ថៃ។ បើតាមលោក Somchai Ratkaew ដែលជាប្រធានមន្ទីរខាងលើនេះបានឲ្យដឹងថា ប្រតិបត្តិការចុះត្រួត ពិនិត្យនេះត្រូវបានធ្វើឡើងជាពិសេសនៅតាមបណ្តាខេត្តជាប់ក្រុងបាងកក ដើម្បីទប់ស្កាត់ការបន្ថែមផ្សែងពុលចូលទៅក្នុងបរិយា កាសក្នុងក្រុងបាងងកក ខណៈក្រុងដ៏សំខាន់របស់ប្រទេសថៃមួយនេះកំពុងតែរងការវាយប្រហារដោយផ្សែង និងខ្យល់កខ្វក់យ៉ាង ខ្លាំង។
រហូតមកទល់នឹងពេលនេះយានយន្តជាង ១០,០០០ គ្រឿង ត្រូវបានប៉ូលិសធ្វើការហាមឃាត់ និងពិន័យជាប្រាក់ចន្លោះពី ៥,០០០ បាត ទៅ ៥០,០០០ បាត (១៦០ ដល់១,៦០០ ដុល្លារអាមេរិក) សម្រាប់រថយន្តប្រភេទធំៗ និងធ្វើការផាកពិន័យជាប្រាក់ចំនួន ១,០០០ បាត (៣២ ដុល្លារអាមេរិក) សម្រាប់យានយន្តធន់តូច។ យុទ្ធនាការចុះត្រួតពិនិត្យយានយន្តនេះនឹងត្រូវបន្តធ្វើឡើងរហូតដល់បញ្ហាក្នុងក្រុងបាងកកត្រូវបានលុបំបាត់ ហើយសម្រាប់ម្ចាស់យានយន្តណាដែលមិនរាងចាល ហើយនៅបន្តប្រព្រឹត្តិកំហុសដដែលៗនឹងត្រូវប្រឈមនឹងការទទួលទោសធ្ងន់ធ្ងរ ឬត្រូវរឹបអូសយក យានយន្តនោះមកកំទេចចោលទៀតផង៕

អត្ថបទ៖ភក្តី
ប្រភព៖bangkokpost