មនុស្សយ៉ាងហោចណាស់ ១៦៨ នាក់បានបាត់បង់ជីវិត ក្រោយការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា
គិតមកទល់ពេលនេះគឺរយៈពេលមួយសប្តាហ៍មកហើយ ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានវាយប្រហារតាមផ្លូវអាកាសដ៏សាហាវបំផុតរបស់ខ្លួន ចាប់តាំងពីពួកគេឡើងកាន់អំណាចក្រោយរដ្ឋប្រហារកាលពីពីរឆ្នាំមុន។ រដ្ឋាភិបាលរួបរួមជាតិដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៦៨ នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Sagaing កាលពីថ្ងៃទី១១ ខែមេសា ហើយក្នុងនោះមានជនរងគ្រោះចំនួន ៦នាក់ មានអាយុក្រោម ៥ឆ្នាំ ប៉ុណ្ណោះ។ យោធាមីយ៉ាន់ម៉ាបានទទួលស្គាល់ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសពិតមែន ដោយមានគោលដៅលើការិយាល័យរដ្ឋាភិបាលឯកភាពជាតិនៅទីនោះ។

ស្ត្រីអាយុ ៤៥ឆ្នាំម្នាក់បាននិយាយថា គាត់បានបាត់បង់កូនប្រុស ២នាក់ ដែលមានម្នាក់អាយុ ២០ឆ្នាំ និងម្នាក់ទៀតមានអាយុ ២១ឆ្នាំ បូករួមនឹងកូនស្រីអាយុ ១៣ ឆ្នាំម្នាក់ទៀត។ ស្ត្រីរូបនោះបាននិយាយថា គាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង ខណៈកំពុងចម្អិនចានសម្រាប់ពិធីមង្គលការរបស់អ្នកជិតខាង។ គ្រាប់បែកបានវាយប្រហារលើទីតាំងកូនៗរបស់គាត់ ស្របពេលដែលកូនប្រុសរបស់គាត់កំពុងធ្វើជាគ្រូអ្នកស្ម័គ្រចិត្តបង្រៀនក្មេងៗនៅក្នុងភូមិ។ គាត់បាននិយាយថា គាត់ចង់សងសឹកនឹងយោធាដែលបានសម្លាប់កូនគាត់។ គាត់បានបន្ថែមថា ក្តីស្រមៃទាំងអស់របស់គាត់ និងស្វាមីត្រូវបានបំផ្លាញ ហើយកម្លាំងចិត្ត និងការតាំងចិត្តរបស់ពួកគេក៏បាត់បង់ទៅហើយ។ ជម្រាបដែរថា ការវាយប្រហារតាមអាកាសរបស់យោធាលើកនេះ បានទាក់ទាញការរិះគន់ពីអន្តរជាតិយ៉ាងខ្លាំង ហើយអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសវាផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK