ទីក្រុងឈៀងម៉ៃ និងទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានការបំពុលខ្លាំងបំផុតទី២ និងទី៤ របស់ពិភពលោក
- BY
- autoadmin
- April 18, 2023
យោងតាមគេហទំព័រត្រួតពិនិត្យគុណភាពខ្យល់ IQAir បានឱ្យដឹងថា ទីក្រុងឈៀងម៉ៃ និងទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានការបំពុលខ្លាំងបំផុតទី២ និងទី៤ នៅលើពិភពលោកនៅថ្ងៃអង្គារនេះ។ ឈៀងម៉ៃបានជាប់ចំណាត់ថ្នាក់កំពូលជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ស្របពេលដែលខេត្តឈៀងរ៉ៃ កាន់តែមានការបំពុលខ្ពស់ជាងឈៀងម៉ៃទៅទៀត ប៉ុន្តែមិនត្រូវបានរាប់បញ្ជូលក្នុងបញ្ជីនោះទេ។ ពោលគឺខេត្តឈៀងរ៉ៃ មានសន្ទស្សន៍គុណភាពខ្យល់ ១៩៩ AQI នៅថ្ងៃអង្គារនេះ ធៀបនឹងទីក្រុងឈៀងម៉ៃដែលមាន ១៧៧ AQI និង ១៥៧ AQI សម្រាប់ទីក្រុងបាងកក។

មាត្រដ្ឋាន AQI មានប្រាំមួយប្រភេទ៖ ០-៥០ (គុណភាពខ្យល់ល្អ), ៥១-១០០ (កម្រិតមធ្យម), ១០១-១៥០ (មិនល្អសម្រាប់ក្រុមមនុស្សមួយចំនួន), ១៥១-២០០ (មិនល្អ), ២០១-៣០០ (មិនល្អខ្លាំង) និងលើសពី ៣០១ (គ្រោះថ្នាក់) ។
ទីក្រុងទាំង ១០ ដែលមានការបំពុលខ្យល់អាក្រក់បំផុតនៅលើពិភពលោកគិតត្រឹមម៉ោង ១០ព្រឹក យោងតាម IQAir គឺ៖
១. ទីក្រុង Kathmandu ប្រទេសនេប៉ាល់ – ១៨៦
២. ទីក្រុងឈៀងម៉ៃ ប្រទេសថៃ – ១៧៧
៣. ទីក្រុងដាកា ប្រទេសបង់ក្លាដែស – ១៦៤
៤. ទីក្រុងបាងកក ប្រទេសថៃ – ១៥៧
៥. ទីក្រុង Johannesburg អាហ្វ្រិកខាងត្បូង – ១៥៤
៦. ទីក្រុង Kolkata ប្រទេសឥណ្ឌា – ១៥៣
៧. ទីក្រុង Shenyang ប្រទេសចិន – ១៥១
៨. ទីក្រុង Kuching ប្រទេសម៉ាឡេស៊ី – ១៤២
៩. ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា – ១៤២
១០. ក្រុងដេលី ប្រទេសឥណ្ឌា – ១៣៣
ជាមួយគ្នានេះ កម្រិតនៃការបំពុលខ្យល់ PM2.5 មានគ្រោះថ្នាក់ជាមធ្យម ៦៧.៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (mcg) ត្រូវបានកត់ត្រានៅទីក្រុងបាងកក, ៩៨.១ នៅឈៀងម៉ៃ និង ១១៧.៨ នៅឈៀងរ៉ៃ នេះបើយោងតាម IQAir ដដែល។ ជម្រាបដែរថា ដែនកំណត់សុវត្ថិភាពរបស់ប្រទេសថៃសម្រាប់ PM2.5 គឺ ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






