អន្តរជាតិ

តៃវ៉ាន់សាកល្បងផ្កាយរណបទំនាក់ទំនង នៅលើកោះដាច់ស្រយាលក្បែរប្រទេសចិន

BY
autoadmin
April 22, 2023

អាជ្ញាធរ​តៃវ៉ាន់​គ្រោង​ពង្រឹង​ទំនាក់ទំនង​ឌីជីថលនៅ​ក្នុង​តំបន់​ជិត​នឹង​ចិនដីគោក ដោយកាលពីថ្ងៃសុក្រម្សិលមិញនេះ វិស្វករដែលធ្វើការជាមួយក្រសួងកិច្ចការឌីជីថល បានសាកល្បងភ្ជាប់ផ្កាយរណបជាមួយនឹងកោះ Matsu ដែលស្ថិតនៅចម្ងាយ ២០០ គីឡូម៉ែត្រពីកោះតៃវ៉ាន់ ប៉ុន្តែមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីខេត្ត Fujian របស់ប្រទេសចិនប៉ុណ្ណោះ។

កាលពីខែកុម្ភៈ ខ្សែកាបក្រោមបាតសមុទ្រចំនួន ២ ដែលតភ្ជាប់កោះ Matsu ជាមួយកោះតៃវ៉ាន់ត្រូវបានកាត់ផ្តាច់ក្នុងរយៈពេលមួយសប្តាហ៍ ហើយធ្វើឱ្យមានការលំបាកក្នុងការចូលប្រើអ៊ីនធឺណិតអស់រយៈពេលជាងមួយខែក្រោយមក។ អាជ្ញាធរ​សង្ស័យ​ថា ខ្សែកាប​ទាំងនោះ​ត្រូវ​បាន​កាត់​ដោយ​នាវា​ដឹក​ទំនិញ​របស់​ចិន ឬ​ទូក​ដឹកទំនិញ​ដែល​ប្រតិបត្តិការ​នៅ​តំបន់​នោះ។ នៅក្នុងការធ្វើតេស្តកាលពីថ្ងៃសុក្រ ក្រុមមន្ត្រីបានប្រើប្រាស់ផ្កាយរណប ដើម្បីភ្ជាប់ជាមួយកោះ Matsu តាមរយៈតំណភ្ជាប់វីដេអូ។ អាជ្ញាធរតៃវ៉ាន់បាននិយាយថា ការភ្ជាប់អ៊ីនធឺណិតដែលមានសុវត្ថិភាព គឺមានសារៈសំខាន់ក្នុងករណីមានគ្រោះមហន្តរាយ ឬគ្រោះអាសន្ន។ ពួកគេមានគម្រោងដំឡើងស្ថានីយទំនាក់ទំនងផ្កាយរណបជាច្រើន នៅលើកោះដាច់ស្រយាលដទៃទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: