អ្នកលេងហ្វេសប៊ុកថៃម្នាក់ បានណែនាំអោយប្រុងប្រយ័ត្នពីការទុកដាក់ Power Bank ស្របពេលដែលអាកាសធាតុក្ដៅខ្លាំងពេក
សូមប្រយ័ត្នចំពោះការប្រើប្រាស់ Power Bank របស់អ្នកទាំងអស់គ្នា ដោយសារតែកាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកថៃម្នាក់ឈ្មោះថា Apinya Panyasen បានបង្ហោះសារព្រមានអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍សាកថ្មមួយនេះ។ នៅក្នុងការបង្ហោះមួយនោះ គាត់បានសរសេរថា«#Warning #Powerbank យប់មិញខ្ញុំអង្គុយនៅជាន់ក្រោម រហូតម៉ោងប្រហែល ៩យប់ ខ្ញុំក៏បានឡើងទៅបន្ទប់គេង។ ពេលឡើងជណ្ដើរបានពាក់កណ្តាលផ្លូវ ខ្ញុំបានធុំក្លិនក្លិនឈ្ងៀម ហើយមិត្តប្រុសរបស់ខ្ញុំក៏ស្ទុះរត់ទៅបើកទ្វារបន្ទប់ ពោលគឺមានផ្សែងហុយចេញពីបន្ទប់គេងរបស់ខ្ញុំ។ រឿងដំបូងដែលខ្ញុំធ្វើ គឺស្រែកប្រាប់លោកប៉ារបស់ខ្ញុំ ឱ្យគាត់បិទបារែតភ្លើងជាមុនសិន ព្រោះខ្ញុំមិនដឹងថាបណ្ដាលមកពីអ្វីឡើយ»។

នាងបានបន្ដថា៖ «លោកប៉ា និងមិត្តប្រុសរបស់ខ្ញុំ បានចំណាយពេលក្នុងការរកមូលហេតុដែលមានក្លិនឈ្ងៀម ព្រោះភ្លើងពេលនោះត្រូវបានផ្ដាច់ ហើយមានផ្សែងពេញបន្ទប់។ ពួកគេបានព្យាយាមរកមើលប្រភពបញ្ហា ហើយបានរកឃើញថា Power Bank របស់ខ្ញុំ បានឆេះអស់នៅសល់តែបន្ដិចប៉ុណ្ណោះ។ បញ្ជាក់ដែរថា មិនបានសាកភ្លើងទេ គឺទុកវាចោលជាធម្មតា។ ប្រហែលជាដោយសារអាកាសធាតុក្តៅ ដូច្នេះហើយ ទើបបង្កឱ្យមានរឿងបែបនេះ។ កាស់ស្ដាប់ត្រចៀកដែលនៅជិតគ្នា ក៏បានឆេះទៅទាំង ២ តែនេះជាសំណាងល្អ ខ្ញុំអាចដឹងទាន់ពេល ហើយមានមនុស្សនៅក្នុងផ្ទះ។ បើមិនដូច្នេះទេ ខ្ញុំគិតមិនចេញទេថាវានឹងទៅជាបែបណា»៕


អត្ថបទ៖ លីដា
ប្រភព៖ Khaosod