អន្តរជាតិ

WHO បានទាញសញ្ញាក្រហមពាក់ព័ន្ធនឹង​ទឹកស៊ីរ៉ូក្អកមួយប្រភេទ ដែលផលិត​នៅ​ប្រទេស​ឥណ្ឌា​ មានផ្ទុកសមាសធាតុគីមីលើសកម្រិត

BY
autoadmin
April 26, 2023

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ទឹកស៊ីរ៉ូក្អកដែលផលិតដោយប្រទេសឥណ្ឌា ដែលត្រូវបានគេរកឃើញនៅលើកោះ Marshall និង Micronesia មានផ្ទុកសមាសធាតុគីមីលើសកម្រិត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ WHO បាននិយាយថា ការធ្វើតេស្តលើសំណាកទឹកស៊ីរ៉ូ Guaifenesin TG ដែលផលិតដោយក្រុមហ៊ុន QP Pharmachem Ltd មានមូលដ្ឋាននៅរដ្ឋ Punjab បានបង្ហាញថា ទឹកស៊ីរ៉ូនេះមានបរិមាណ diethylene glycol និង ethylene glycol ក្នុងកម្រិតមិនអាចទទួលយកបាន។ សមាសធាតុគីមីទាំង ២ មានជាតិពុល និងអាចបណ្តាលឱ្យមនុស្សស្លាប់បាន។

ការជូនដំណឹងចុងក្រោយបំផុតនេះ បានកើតឡើងប៉ុន្មានខែបន្ទាប់ពី WHO បានលើកឡើងពីទឹកស៊ីរ៉ូក្អកប៉ុន្មានប្រភេទ ដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals របស់ប្រទេសឥណ្ឌា ដែលធ្វើឱ្យមានការស្លាប់កុមារចំនួន ៦៦នាក់ នៅក្នុងប្រទេសហ្គាំប៊ី និង ១៨នាក់ នៅប្រទេសអ៊ូសបេគីស្ថាន។ ប្រទេសឥណ្ឌាក្រោយមក ក៏បានលុបចោលអាជ្ញាប័ណ្ណផលិតរបស់ក្រុមហ៊ុននេះនៅខែមីនា។

សេចក្តីថ្លែងការណ៍អង្គការសុខភាពពិភពលោកបាននិយាយថា ទឹកស៊ីរ៉ូដែលប្រើដើម្បីបំបាត់ការស្ទះទ្រូងដោយសារស្លេស (chest congestion) និងរោគសញ្ញាក្អកមួយនេះ ត្រូវបានធ្វើតេស្តដោយនិយតករឱសថរបស់អូស្ត្រាលី គឺរដ្ឋបាលទំនិញព្យាបាល Therapeutic Goods Administration។ វាត្រូវបានលក់ដោយក្រុមហ៊ុន Trillium Pharma ដែលមានមូលដ្ឋាននៅរដ្ឋ Haryana ប្រទេសឥណ្ឌា។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «ទាំងក្រុមហ៊ុនផលិតដែលបានបញ្ជាក់ ឬអ្នកទីផ្សាររបស់ផលិតផលនេះ មិនបានផ្តល់ការធានាដល់ WHO លើសុវត្ថិភាព និងគុណភាពនៃផលិតផលទាំងនេះទេ»។ BBC មិនអាចទាក់ទងតំណាង Trillium តាមទូរស័ព្ទបានទេ។ រដ្ឋាភិបាល​ឥណ្ឌាក៏​មិន​មាន​ប្រតិកម្ម​ចំពោះ​ការ​ប្រកាស​អាសន្ន​ចុង​ក្រោយ​នេះ​ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: