អន្តរជាតិ

បេក្ខភាពសមាជិកសភារបស់គណបក្សថៃម្នាក់ បានលាលែងពីតំណែង បន្ទាប់ពីបានបើកបរក្នុងស្ថានភាពស្រវឹង

BY
autoadmin
May 17, 2023

ថៃ៖ បេក្ខភាពសមាជិកសភារបស់គណបក្សឆ្ពោះទៅមុខ បានសម្រេចលាលែងពីតំណែង បន្ទាប់ពីគាត់បានបើកបរក្នុងស្ថានភាពស្រវឹងកាលពីថ្ងៃអង្គារ។ អ្នកស្រី Nateepat Kulsetthasith (นทีภัทร์ กุลเศรษฐสิทธิ์) ត្រូវបានប៉ូលិសឃាត់នៅប៉ុស្តិ៍ត្រួតពិនិត្យមួយ ក្នុងសង្កាត់ Lat Phrao ទីក្រុងបាងកក នៅម៉ោង ២ ទៀបភ្លឺ ថ្ងៃអង្គារ ជាមួយនឹងកម្រិតជាតិអាល់កុលក្នុងឈាម ៦៦ mg% ខ្ពស់ជាង កម្រិត ៥០ mg% ដែលមានចែងក្នុងច្បាប់ចរាចរណ៍។

ក្នុង​សន្និសីទ​សារព័ត៌មានមួយ អ្នកស្រី​បាន​សារភាព​ថា គាត់មិនបានប្រមាណខ្លួន ដោយ​គាត់បាន​ស្រវឹង​ស្រា​ជាមួយ​មិត្តភ័ក្តិ​ មុន​ពេល​បើក​ឡាន​ទៅ​ផ្ទះវិញ។ អ្នកស្រីបានបញ្ជាក់ថា គាត់មិនគេចវេសនឹងការធ្វើតេស្តរកកម្រិតជាតិអាល់កុលក្នុងឈាម និងបានសុំទោស ដែលបានធ្វើឱ្យម្ចាស់សន្លឹកឆ្នោតមានការខកចិត្ត ដោយបន្ថែមថា គាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់។

អ្នក​ស្រី​បាន​ថ្លែង​ថា​៖«អ្វី​ដែល​ខ្ញុំ​សោកស្ដាយ​ខ្លាំង​ជាងគេ ​គឺ​ឥឡូវ​នេះ​ខ្ញុំ​មិន​អាចក្លាយជា​សមាជិក​សភា​ ធ្វើ​ការ​​ក្នុង​សភា ​ដើម្បី​តស៊ូចំពោះច្បាប់​អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ​ដែល​ខ្ញុំ​បាន​តស៊ូ​តាំង​ពី​ដើម​មក»។ គាត់បាននិយាយថា គាត់បានពិភាក្សារួចហើយ អំពីការលាលែងពីតំណែងជាមួយមេដឹកនាំរង របស់បក្សឆ្ពោះទៅមុខ លោក Phicharn Chaowapatanawong ហើយថា គាត់ក៏បានសម្រេចចិត្តលាលែងពីតំណែង ដើម្បីទទួលនូវកំហុសដែលគាត់បានប្រព្រឹត្តនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand

Share This Post: