អន្តរជាតិ

ស្មាតហ្វូនបំពាក់បន្ទះឈីប Qualcomm ត្រូវបានគេរាយការណ៍ថា បានប្រមូល និងបញ្ជូនព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់

BY
autoadmin
May 17, 2023

ស្មាតហ្វូនដែលបំពាក់បន្ទះឈីប Qualcomm ត្រូវបានគេរកឃើញថា បានបញ្ជូនព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ រួមទាំងអាសយដ្ឋាន IP, លេខសម្គាល់ unique ID, លេខកូដប្រទេស ទៅក្រុមហ៊ុនរបស់ខ្លួននៅសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនសន្តិសុខអាល្លឺម៉ង់ Nitrokey។ របាយការណ៍នេះបាននិយាយថា ព័ត៌មានផ្ទាល់ខ្លួនបែបនេះ ត្រូវបានផ្ញើចេញ «ដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់ មិនបានអ៊ិនគ្រីប ហើយបញ្ជូនទៅដោយបើកចំហរ (Google-free Android distribution)»។

Nitrokey បានសាកល្បងស្មាតហ្វូន Sony Xperia XA2 ដែលត្រូវបានបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 630 និងបានដំឡើង /e/OS ដែលជាកំណែបើកចំហនៃប្រព័ន្ធប្រតិបត្តិការ Android ឥតគិតថ្លៃរបស់ Google។ ស្មាតហ្វូនមិនត្រូវបានដាក់បញ្ជូលស៊ីមកាត ហើយក៏មិនបើកសេវាកម្មទីតាំង GPS ដែរ ដោយអាចចូលប្រើអ៊ីនធឺណិតបានតែតាមរយៈវ៉ាយហ្វាយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានត្រួតពិនិត្យទិន្នន័យជាមួយ Wireshark ដែលជាកម្មវិធីចរាចរណ៍បណ្តាញ និងបានរកឃើញថា ទិន្នន័យត្រូវបានបញ្ជូនទៅកាន់ម៉ាស៊ីនមេ izatcloud.net ដែលគ្រប់គ្រងដោយក្រុមហ៊ុន Qualcomm ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: