អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកនឹងកាន់តែឡើងកម្ដៅ បំបែកដែនកំណត់សីតុណ្ហភាពជាលើកដំបូងបំផុត
- BY
- autoadmin
- May 18, 2023
អ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា ពិភពលោកដែលកំពុងកើនកម្ដៅស្រាប់របស់យើង ទំនងជានឹងកាន់តែក្ដៅ ហើយនឹងបំបែកដែនកំណត់សីតុណ្ហភាពជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ អ្នកស្រាវជ្រាវបាននិយាយថា ឥឡូវនេះវាមានឱកាស ៦៦% ដែលផែនដីអាចនឹងកើនកម្ដៅលើសពី ១.៥ អង្សាសេ ចន្លោះពេលនេះដល់ឆ្នាំ២០២៧។ ឱកាសកំពុងកើនឡើង ដោយសារតែការបំភាយឧស្ម័នពីសកម្មភាពរបស់មនុស្ស និងរលកកម្ដៅ El Niño នៅចុងឆ្នាំនេះ។

កម្ដៅខ្ពស់ជាងកម្រិតកំណត់មានន័យថា ពិភពលោកនឹងក្ដៅជាងមុន ១.៥ អង្សាសេ ក្ដៅជាងក្នុងកំឡុងពាក់កណ្តាលទី២ នៃសតវត្សទី១៩ មុនពេលការបំភាយឥន្ធនៈហ្វូស៊ីលពីឧស្សាហូបនីយកម្មចាប់ផ្តើមកើនឡើង។ បើទោះបីជាកម្ដៅកើនខ្ពស់លើសដែនកំណត់ត្រឹមតែមួយឆ្នាំ ក៏វាជាសញ្ញាគួរឱ្យព្រួយបារម្ភផងដែរ ដោយសារកម្ដៅកំពុងបង្កើនល្បឿន និងមិនបានថយចុះឡើយ។
តួលេខ ១.៥អង្សាសេ បានក្លាយជានិមិត្តសញ្ញានៃការចរចាអំពីការប្រែប្រួលអាកាសធាតុពិភពលោក។ ប្រទេសនានាបានយល់ព្រម «បន្តកិច្ចខិតខំប្រឹងប្រែង» ដើម្បីកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកដល់ ១.៥អង្សាសេ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។ ការឡើងកម្ដៅលើសពី ១.៥អង្សាសេ ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទស្សវត្សរ៍ ឬពីរទសវត្សរ៍ នឹងឃើញផលប៉ះពាល់កាន់តែខ្លាំង ដូចជារលកកម្ដៅយូរជាងមុន ខ្យល់ព្យុះកាន់តែខ្លាំង និងភ្លើងឆេះព្រៃជាច្រើន។ ប៉ុន្តែកម្ដៅលើសកម្រិតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ មិនមានន័យថា កិច្ចព្រមព្រៀងដែនកំណត់ទីក្រុងប៉ារីស (Paris limit) ត្រូវបានបំបែកនោះទេ។ យ៉ាងណា អ្នកវិទ្យាសាស្ត្រនិយាយថា យើងនៅមានពេលវេលាដើម្បីដាក់កម្រិតលើការឡើងកម្ដៅផែនដី ដោយកាត់បន្ថយការបំភាយឧស្ម័នឱ្យបានច្រើនបំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






