ម៉ុនតាណា នឹងក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលដាក់បម្រាមទាំងស្រុងលើកម្មវិធី TikTok
- BY
- autoadmin
- May 18, 2023
ម៉ុនតាណា (Montana) នឹងក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលដាក់បម្រាមទាំងស្រុងលើ TikTok ដែលជាកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម ហើយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន។ អភិបាលរដ្ឋលោក Greg Gianforte កាលពីថ្ងៃពុធបានចុះហត្ថលេខាលើច្បាប់ ដែលហាមឃាត់ TikTok ពីប្រតិបត្តិការនៅក្នុងរដ្ឋ ខណៈនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២៤។ ច្បាប់នេះបានចោទប្រកាន់ថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ TikTok អាចត្រូវបានចែករំលែកជាមួយបក្សកុម្មុយនិស្តចិន។

នៅក្នុងសារបង្ហោះនៅលើបណ្ដាញ Twitter លោក Gianforte បាននិយាយថា៖«ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន និងឯកជនភាពរបស់ពលរដ្ឋពីបក្សកុម្មុយនិស្តចិន ខ្ញុំបានហាមឃាត់ TikTok នៅរដ្ឋម៉ុនតាណា»។ នៅក្រោមច្បាប់នេះ ក្រុមហ៊ុនប្រតិបត្តិការ TikTok ឬអង្គភាពណាមួយ រួមទាំង Google និង Apple ដែលផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះ នឹងត្រូវបានគេពិន័យ ប៉ុន្តែការផាកពិន័យនឹងមិនអនុវត្តចំពោះអ្នកប្រើប្រាស់ទេ។
សហរដ្ឋអាមេរិកមានវិធានការកាន់តែច្រើន នៅក្នុងការហាមឃាត់កម្មវិធីនៅលើឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ប៉ុន្តែច្បាប់របស់ម៉ុនតាណា គឺជាច្បាប់ដំបូងគេនៅសហរដ្ឋអាមេរិកដែលហាមឃាត់កម្មវិធីពីគ្រប់ឧបករណ៍ទាំងអស់។ យ៉ាងណាក៏ដោយ TikTok បាននិយាយថា ច្បាប់របស់រដ្ឋម៉ុនតាណា បានរំលោភលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុនចង់ធានាឡើងវិញថា ពួកគេអាចបន្តប្រើប្រាស់កម្មវិធីនេះបាន។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក៏បនិយាយថា ច្បាប់នេះទំនងជាប្រឈមនឹងការជជែកគ្នាផ្នែកច្បាប់ច្រើនទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






