រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងស្នើចុះបញ្ជីក្រណាត់ថៃ ផាខាវម៉ា ចូលជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ
- BY
- autoadmin
- May 22, 2023
រដ្ឋាភិបាលថៃគ្រោងនឹងស្នើចុះបញ្ជីក្រណាត់ថៃ ផាខាវម៉ា (ผ้าขาวม้า) ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទូទាំងពិភពលោក។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយថា នាយករដ្ឋមន្ត្រីផុតអាណត្តិ ប្រាយុទ្ធ ចាន់អូចា បានរំពឹងថា ផាខាវម៉ា នឹងក្លាយជា soft-power ដ៏ជោគជ័យមួយ ដើម្បីផ្សព្វផ្សាយប្រទេសថៃ បន្ទាប់ពីការសម្តែងទស្សនីយភាពចំនួន ២ ដោយអ្នករបាំថៃ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទិវារបាំពិភពលោកឆ្នាំ២០២៣ ក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃទី០៦ ខែឧសភា ដើមខែនេះ។

ការសម្តែងទី១ បង្ហាញពីរបៀបដែលអ្នកភូមិថៃស្លៀក ផាខាវម៉ា ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការសម្ដែងទី២ បង្ហាញពីអ្នករបាំបានស្លៀកសម្លៀកបំពាក់ប្រពៃណី មកពីគ្រប់តំបន់នៃប្រទេសថៃ។ លោក Anucha បាននិយាយថា ការសម្តែងទាំង ២ បានទាក់ទាញការទះដៃគាំទ្រយ៉ាងខ្លាំង ហើយជនបរទេសជាច្រើនបានសុំអ្នករបាំថៃថតរូបជាមួយពួកគេផងដែរ។ គណៈរដ្ឋមន្ត្រីបានសម្រេចកាលពីខែកុម្ភៈ ដើម្បីពិចារណាចុះបញ្ជីក្រណាត់ទេសឯក ផាខាវម៉ា ជាមួយអង្គការយូណេស្កូជាបេតិកភណ្ឌវប្បធម៌អរូបី។ លោក Anucha បាននិយាយថា លោក ប្រាយុទ្ធ ចង់ឱ្យភ្នាក់ងាររដ្ឋាភិបាលទាំងអស់ លើកឡើងពីទម្រង់នៃក្រណាត់ ផាខាវម៉ា ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទូទាំងពិភពលោក៕



អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






