លោកតាម្នាក់បានជួបចៅប្រុសបង្កើតវិញ ក្រោយពេលក្មេងនេះត្រូវឪពុកម្តាយបង្កើតលក់ទៅឲ្យអ្នកដទៃ ក្នុងតម្លៃ១២ម៉ឺនយ័ន
កាលពីថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលនៅឯប្រទេសចិននៅករណីក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ត្រូវឪពុកម្តាយបង្កើតលក់ដើម្បីប្រាក់ តែក៏បានត្រលប់មកជួបជុំជាមួយជីតារបស់ខ្លួនវិញដែលធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ត។ រឿងរ៉ាវនេះកើតឡើងនៅឯភាគខាងត្បូងខេត្ត Fujian ប្រទេសចិន ដោយក្មេងប្រុសរូបនោះត្រូវបានលក់កាលពីឆ្នាំមុន នៅក្នុងតម្លៃ១២ម៉ឺនយ័ន ដែលស្មើប្រហែលនឹង ១ម៉ឺន ៧ពាន់ដុល្លារ នេះបើតាមសម្តីរបស់ប៉ូលីសដែលបានរាយការប្រាប់សារពត៌មាន SCMP។
មន្ត្រីប៉ូលីសនៅឯខេត្ត Jinjiang ដែលបានរកឃើញកុមាររូបនេះ បានប្រគល់គេជូនទៅជីតាបង្កើតរបស់គេ ដែលជាអ្នកដាក់ពាក្យបណ្តឹងតាមរកចៅប្រុសដែលត្រូវលក់ដោយកូនប្រុស និងកូនប្រសាររបស់គាត់។ លោកតារូបនោះបានប្រាប់អ្នកពត៌មានថា «ក្មេងប្រុសរូបនេះត្រូវបានគាត់ចិញ្ចឹមតាំងពីអាយុ៨ខែមកម្ល៉េះ! តែមានពេលមួយនោះកូនប្រុស និងកូនប្រសាររបស់គាត់បានមកលេង និងយកគេទៅចិញ្ចឹមបាត់ដោយអះអាងថាឪពុកម្តាយមានសិទ្ធិចិញ្ចឹមកូន ដោយពួកគេនឹងយកកូនមកលេងពួកគាត់យូរៗម្តង។ តែក្រោយមកគាត់មិនដែលបានជួបចៅប្រុសរបស់គាត់ឡើយ ដោយគាត់បានដឹងថាចៅប្រុសរបស់គាត់ត្រូវបានឪពុកម្តាយចិត្តតិរិច្ឆានរូបនេះលក់ទៅឲ្យគេបាត់ នៅពេលដែលកូនប្រុសរបស់គាត់ត្រូវប៉ូលីសចាប់ឃុំខ្លួននៅឯខែឆ្នូ ដោយសារតែប្រើប្រាស់គ្រឿងញៀន។
ក្រោយមកទៀតលោកតារូបនោះក៏បានប្តឹងប៉ូលីសដើម្បីតាមរក ដោយប៉ូលីសបានធ្វើការតាមដាន រហូតបានជួបឪពុកម្តាយចិញ្ចឹមដែលទិញក្មេងនោះទៅ និងបានធ្វើតេស DNA ដឹងច្បាស់ថាជាសាច់ឈាមពិតប្រាកដរបស់លោកតាចំណាស់រូបនោះពិតមែន ដោយគេបានដឹងថាម្តាយឪពុកក្មេងប្រុសនេះបានលក់រូបគេក្នុងតម្លៃ១២ម៉ឺនយ័ន ដោយចែកគ្នាម្នាក់៦ម៉ឺនយ័នហើយចែកផ្លូវគ្នាបាត់ទៅ។ រឿងរ៉ាវនេះបានធ្វើឲ្យមហាជនជាច្រើនកើតក្តីខឹងសម្បារនឹង ឪពុកម្តាយចិត្តមាររូបនោះដែលដាច់ចិត្តលក់កូនខ្លួនដើម្បីប្រាក់៕


អត្ថបទ៖ មេសា
ប្រភព៖ SCMP