អន្តរជាតិ

អាជ្ញាធរម៉ិកស៊ិកបានព្រមានឱ្យត្រៀមធ្វើការជម្លៀស បន្ទាប់ពីភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេសបានបញ្ចេញសកម្មភាពយ៉ាងគួរឱ្យបារម្ភ

BY
autoadmin
May 23, 2023

យោងតាមអាជ្ញាធរបានឱ្យដឹងថា មនុស្សរាប់លាននាក់នៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានព្រមានឱ្យរៀបចំខ្លួនសម្រាប់ការជម្លៀសដែលអាចកើតមាន បន្ទាប់ពីភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេសនេះបានបញ្ចេញសកម្មភាព ហើយបានក្អួតផេះសាយភាយទៅទីក្រុងក្បែរៗជាច្រើនចាប់តាំងពីសប្តាហ៍មុន។ មកទល់ពេលនេះ ភ្នំភ្លើង Popocatépetl បានធ្វើឱ្យមានការពន្យារពេលជើងហោះហើរក្នុងទីក្រុង ហើយសាលារៀននៅទីក្នុងក្រុងរាប់សិបក៏ត្រូវបានបិទទ្វារ។

ជម្រាបដែរថា មានប្រជាជនប្រហែល ២៥ លាននាក់ កំពុងរស់នៅក្នុងរង្វង់ ៦០ម៉ាយ (ប្រមាណ១០០គីឡូម៉ែត្រ) ពីភ្នំភ្លើងមួយនេះ។ ភ្នំភ្លើង Popocatépetl មានចម្ងាយប្រហែល ៤៥ ម៉ាយ ភាគអាគ្នេយ៍នៃទីក្រុងម៉ិកស៊ិក និងស្ថិតនៅចន្លោះរដ្ឋ Morelos, Puebla និងរដ្ឋម៉ិកស៊ិក។

កាលពីថ្ងៃអាទិត្យ ភ្នាក់ងារសម្របសម្រួលជនស៊ីវិលជាតិ (CNPC) បានបង្កើនកម្រិតការគំរាមកំហែងនៃភ្នំភ្លើងរបស់ខ្លួនដល់ «ដំណាក់កាលទី៣ ពណ៌លឿង» ដែលអំពាវនាវឱ្យប្រជាជនប្រមាណ ៣ លាននាក់ ដែលរស់នៅក្នុងទីក្រុង និងភូមិដែលនៅជាប់នឹងភ្នំភ្លើង ត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ការជម្លៀសចេញ។ CNPC ក៏បានព្រមានអំពីសកម្មភាពភ្នំភ្លើងកាន់តែខ្លាំង និងការបែកខ្ចាត់ខ្ចាយផេះ ចូលទៅក្នុងទីក្រុងនៅក្បែរនោះក្នុងល្បឿនលឿន។ វាក៏បានផ្តល់អនុសាសន៍ឱ្យអ្នករស់នៅក្បែរនោះជៀសវាងសកម្មភាពក្រៅផ្ទះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: