ក្មេងប្រុសអាយុត្រឹមអាយុ ១៣ ឆ្នាំម្នាក់បានក្លាយជាអ្នកស្រាវជ្រាវផ្នែកគីមីវិទ្យាវ័យក្មេងបំផុតនៅក្នុងពិភពលោក
ក្មេងប្រុសអាយុត្រឹមអាយុ ១៣ ឆ្នាំម្នាក់បានចេញផ្សាយរបកកំឃើញរបស់ខ្លួនជាផ្លូវការ និងបានក្លាយជាអ្នកស្រាវជ្រាវវ័យក្មេងម្នាក់នៅក្នុងពិភពលោកផងដែរ។ ក្មេងប្រុសអច្ឆរិយរូបនេះមានឈ្មោះថា Daniel Liu ជាមនុស្សពូកែខាងគីមីវិទ្យាតាំងពីរូបគេនៅក្មេងម្លះ។ គេនៅចាំបានថា កាលពីរូបគេមានអាយុត្រឹម ១០ ឆ្នាំ រូបគេធ្លាប់ឈ្នះពានរង្វាន់ ផ្នែកគីមីវិទ្យា Chemical Educational Foundation ក្រោយការប្រកួតប្រជែងជាមួយនឹងបេក្ខជនប្រមាណជា ៣០,០០០ នាក់ផ្សេងទៀត និងទទួលបានប្រាក់រង្វាន់ ១,០០០ ដុល្លារអាមេរិកទៀតផង។
ក្រោយមកនៅឆ្នាំ ២០១៦ គេក៏បានចូលរៀននៅក្នុង សាកលវិទ្យាល័យ Toledo ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។ ដោយសាររូបគេមានសមត្ថភាពខ្ពស់ កុមាររូបនេះត្រូវបានលោកសាស្ត្រាចារ្យល្បីៗផ្នែកគីមីវិទ្យានាំយកមកបណ្តុះបណ្តាលជាពិសេស និងបានយកគេទៅសិក្សានៅក្នុងមន្ទីរពិសោធរួមគ្នា ដើម្បីស្រាវជ្រាវពីឱសថ និងថ្នាំសម្លាប់សត្វល្អិតទៀតផង។ ហើយនៅក្នុងឆ្នាំ ២០១៨ ពោលគឺនៅពេលដែលរូបគេមានអាយុត្រឹមតែ ១៣ ឆ្នាំ ការស្រាវជ្រាវរួមគ្នារបស់ក្មេងតូចរូបនេះជាមួយនឹងសាស្ត្រាចារ្យផ្សេងទៀតក៏ត្រូវបានគេចេញផ្សាយជាផ្លូវការ និងទទួលបានការកោតសរសើរពីសំណាក់អ្នកស្រាវជ្រាវល្បីៗនៅជុំវិញពិភពលោកផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz



