ខឹងប្តីហាមមិនឲ្យលេង Facebook ប្រពន្ធរត់ទៅចងកសម្លាប់ខ្លួនបាត់
ឥណ្ឌូនេស៊ី៖ ស្ត្រីជាអ្នកញៀននឹងការលេង Facebook ម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន បន្ទាប់ពីនាងខឹងនឹងប្តីរបស់នាង ដែលបានហាមឃាត់នាងមិនឲ្យលេង Facebook។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Penajam ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។ ស្ត្រីជាជនរងគ្រោះមានឈ្មោះថា Arniati អាយុ ២២ ឆ្នាំ មានមុខរបរជាមេផ្ទះ។ រាល់ថ្ងៃនាងតែងតែចំណាយពេលជាច្រើន ដើម្បីប្រើប្រាស់ Facebook និងបណ្តាញសង្គមផ្សេងទៀតតាមរយៈទូរស័ព្ទដៃរបស់នាង។
ដោយមើលឃើញសកម្មភាពនេះហាក់ជ្រុលហួសហេតុពេក បុរសជាប្តីបានដាស់តឿនជារឿយៗឲ្យនាងកាត់បន្ថយពេលប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីនធឺណិតខ្លះ ព្រោះវាជារឿងអត់ប្រយោជន៍ និងខ្ជះខ្ជាយពេលវេលា។ យ៉ាងណាក្តី ស្រ្តីជាជនរងគ្រោះនៅតែបន្តសកម្មភាពរបស់ខ្លួន ដោយមិនស្តាប់តាមការដាស់តឿនរបស់ប្តីឡើយ។ ក្រោយមកបុរសជាប្តីក៏សម្រេចហាមមិនអោយនាងប្រើប្រាស់ Facebook ទាំងស្រុងតែម្តង ដោយបានផ្តាច់អ៊ីនធឺណិតនៅផ្ទះចោលទៀតផង។ សកម្មភាពនេះបានធ្វើឲ្យស្រ្តីរងគ្រោះខឹងនឹងប្តីជាខ្លាំង ហើយក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz