ទីក្រុងដាណាងរបស់វៀតណាម ដាក់ដំណើរការកម្មវិធីទូរស័ព្ទមួយ ដែលជួយអ្នកប្រើប្រាស់អាចស្វែងរកបង្គន់សាធារណៈបានយ៉ាងងាយស្រួល
- BY
- autoadmin
- June 5, 2023
អ្នកទេសចរដែលទៅលេងនៅទីក្រុង Da Nang របស់ប្រទេសវៀតណាម អាចកំណត់ទីតាំងបង្គន់សាធារណៈបានយ៉ាងងាយស្រួល បន្ទាប់ពីទីក្រុងនេះ បានដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ Danang Smart City។ លោក Tran Ngoc Thach អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងរបស់ទីក្រុងបាននិយាយថា ដើម្បីស្វែងរកបង្គន់សាធារណៈដោយឥតគិតថ្លៃ អ្នកស្រុក និងអ្នកទេសចរ អាចទាញយកកម្មវិធី Danang Smart City យកមកប្រើប្រាស់តាមតម្រូវការបាន។ ទីតាំងបង្គន់សាធារណៈចំនួន ២៩៤ ត្រូវបានដាក់នៅលើកម្មវិធីនោះ ហើយវាក៏មានការបង្ហាញពីចម្ងាយនៃទីតាំងបង្គន់ផងដែរ។

ក្នុងខែមីនាឆ្នាំនេះ គណៈកម្មាធិការប្រជាជនស្រុក Son Tra បានដាក់ពង្រាយគំរូ «Comfort as home» ដែលត្រូវបានឆ្លើយតបយ៉ាងសកម្មពីសណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានស្នាក់នៅជាច្រើន ដែលពួកគេបានរួមចំណែកគ្នា ដើម្បីលើកកម្ពស់មុខមាត់ទីក្រុង។ លោក Thach បាននិយាយថា កាលពីថ្ងៃទី១ ខែមិថុនា មន្ទីរព័ត៌មាន និងសារគមនាគមន៍ក្រុងបានផ្ញើសំណើទៅកាន់គណៈកម្មាធិការប្រជាជនខណ្ឌ ដោយអំពាវនាវដល់អាជីវករ ភោជនីយដ្ឋាន សណ្ឋាគារ និងគ្រឹះស្ថានផ្តល់ម្ហូបអាហារ ចូលរួមយុទ្ធនាការ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធី ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
Danang Smart City គឺជាកម្មវិធីពហុសេវាកម្មរួមបញ្ចូលគ្នា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០២០ ដោយមានអ្នកប្រើប្រាស់ជាង ១.២ លាននាក់។ វាផ្តល់ព័ត៌មានមានប្រយោជន៍ និងការពិគ្រោះយោបល់លើនីតិវិធីរដ្ឋបាល និងសេវាសាធារណៈសម្រាប់អ្នករស់នៅក្នុងមូលដ្ឋាន៕


អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






