ថៃចេញវិធានការថ្មីតម្រូវឲ្យបាញ់ស្រោចទឹកពីអាគារខុនដូខ្ពស់ៗជាង១០០កន្លែង ដើម្បីដោះស្រាយបញ្ហាផ្សែង និងខ្យល់កខ្វក់
ថៃ៖ រហូតមកទល់នឹងពេលនេះ បញ្ហាផ្សែង និងខ្យល់កខ្វក់ នៅតែបន្តជាបញ្ហាចម្បងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បើទោះជារដ្ឋាភិបានបានសម្រេចប្រើប្រាស់មធ្យោបាយជាច្រើនរួចមកហើយក៏ដោយ។ គេនៅចាំបានថា អាជ្ញាធរថៃធ្លាប់បានប្រើវិធីជាច្រើនដូចជា ទប់ស្កាត់មិនឲ្យយានយន្តដែលបញ្ចេញផ្សែងលើសកម្រិតធ្វើដំណើរចូលក្នុងទីក្រុង ហាមឃាត់សកម្មភាពទាំងឡាយណាដែលអាចបន្ថែមផ្សែងចូលទៅក្នុងបរិយាកាស បង្កើតភ្លៀងសប្បនិមិត្ត និងប្រើយន្តហោះ Drone សម្រាប់បាញ់ទឹកជាដើម។
បន្ថែមពីលើដំណោះស្រាយទាំងនេះ អាជ្ញាធរថៃ ទើបតែបានដាក់ចេញនូវវិធានការថ្មីមួយនេះ គឺតម្រូវឲ្យម្ចាស់ខុនដូខ្ពស់ៗ (មានកម្ពស់ចាប់ពី ៣០ ជាន់ឡើងទៅ) ត្រូវតែធ្វើការបាញ់ទឹកចុះមកក្រោមរាល់ថ្ងៃក្នុងមួយថ្ងៃ ៣ ដង គឺនៅពេលព្រឹកម៉ោង ៨ ម្តង ពេលថ្ងៃត្រង់ និងនៅម៉ោង ៦ ល្ងាចម្តងទៀត ទម្រាំតែបញ្ហានេះបាត់ទៅវិញ។ លើសពីនេះទៅទៀត អាជ្ញាធរបានចេញសេចក្តីប្រកាសថា សម្រាប់ក្រុមហ៊ុនដែលទទួលសាងសង់អគារថ្មីៗ ត្រូវតែដាក់បន្ថែមនូវប្រព័ន្ធការពារ (យ៉ាងហោចណាស់មានកន្លែងសម្រាប់បាញ់ទឹកចុះមកក្រោម) ទៅនឹងបញ្ហាផ្សែង និងខ្យល់កខ្វក់ឲ្យបានត្រឹមត្រូវ ឲ្យដូចទៅនឹងប្រព័ន្ធទឹកសម្រាប់សង្គ្រោះពេលមានអគ្គិភ័យចឹងដែរ។ សូមបញ្ជាក់ថា ក្រោយការចេញវិធានការនេះ មានខុនដូរចំនួន ១៥០ កន្លែងហើយ ដែលបានកំពុងតែអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost