សិង្ហបុរីកើបលុយបានប្រមាណ២០ពាន់លានដុល្លារឯណោះពីវិស័យទេសចរណ៍របស់ខ្លួន
កំណត់ត្រាសម្រាប់ ឆ្នាំ២០១៨ នៃឧស្សាហកម្មទេសចរណ៍សិង្ហបុរី គឺមានចំនួន ១៨.៥លាននាក់ ពោលគឺកើនឡើង ៦.២ភាគរយ បើធៀបនឹង ឆ្នាំ២០១៧។ គណៈកម្មការទេសចរណ៍សឹង្ហបូរី (STB) ក៏បានឱ្យដឹងដែរថា អ្នកទេសចរមកកាន់សិង្ហបុរីនេះបានចំណាយប្រាក់ចំនួន ២៧.១ ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ២០ពាន់លានដុល្លារអាមេរិក) ដែលកើនឡើង ១ភាគរយ ពី ឆ្នាំ២០១៧ ។
ចំណែកការធ្វើដំណើរមកកាន់សិង្ហបុរីជាលក្ខណៈជំនួញ កិច្ចប្រជុំ ការលើកទឹកចិត្ត ការធ្វើសមាហរណកម្ម និងពិព័រណ៍ (ហៅកាត់ថា BTMICE) ក៏បានកើនឡើងយ៉ាងគំហុកផងដែរ។ ដោយចាប់តាំងពីខែមករា ដល់ ខែកញ្ញា ឆ្នាំមុន ការចំណាយរបស់ BTMICE បានកើនឡើង ១០ភាគរយ ដែលស្មើនឹង ៣.៤៤ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ២.៥ពាន់លានដុល្លារអាមេរិក) បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៧ ខណៈពេលដែលការមកដល់របស់ភ្ញៀវទេសចរបានកើនឡើង ១៤ភាគរយ ធៀបនឹងឆ្នាំមុនៗ។
STB ក៏បានគូសបញ្ជាក់ថា ឆ្នាំ២០១៨ បានលើកកម្ពស់សិង្ហបុរីជាទិសដៅមួយ តាមរយៈព្រឹត្តិការណ៍នានាដូចជា៖ ការចាប់ផ្តើមនៃខ្សែភាពយន្ត Crazy Rich Asia ដែលត្រូវបានថតនៅក្នុងប្រទេសសិង្ហបុរី កិច្ចប្រជុំកំពូលទី១ រវាងលោក Donald Trump និង Kim Jong Un និងវេទិកាសេដ្ឋកិច្ចរបស់ Bloomberg។ ប្រទេសសិង្ហបុរីក៏បានធ្វើជាប្រធានអាស៊ាន ឆ្នាំ២០១៨ ដូច្នេះហើយ មានព្រឹត្តិការណ៍ និងកិច្ចប្រជុំទាក់ទងនឹងអាស៊ានកាន់តែច្រើនត្រូវបានរៀបចំក្នុងប្រទេសនេះ ដែលវាជាផលចំណេញមួយសម្រាប់សិង្ហបុរី។ គួរឱ្យដឹងផងដែរថា សឹង្ហបុរីពឹងផ្អែកលើវិស័យទេសចរណ៍ប្រហែល ៤ភាគរយ នៃទិន្នផលសេដ្ឋកិច្ចរបស់ខ្លួនទាំងអស់៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia