កំហុស ៧ យ៉ាង ដែលឪពុកម្តាយធ្វើដោយមិនដឹងខ្លួន តែវាបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះកូន
ឪពុកម្តាយមួយចំនួនមិនបានចាប់អារម្មណ៍ទេថា សកម្មភាព ឬទម្លាប់អាក្រក់របស់ពួកគាត់មួយចំនួន ដែលពួកគាត់បានប្រព្រឹត្តិឡើងចំពោះកូនតូចៗ បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងនៅពេលដែលពួកគេធំពេញវ័យ។ ទម្លាប់អាក្រក់ ឬកំហុសទាំងនោះរួមមាន៖
៧. គ្រប់គ្រងរឿងគ្រប់បែបយ៉ាងរបស់កូន៖ សកម្មភាពនេះនឹងធ្វើឲ្យកូនរបស់លោកអ្នកគ្មានភាពជាម្ចាស់ការលើខ្លួនឯង និងត្រូវការពឹងពាក់លោកអ្នកជានិច្ច បើទោះបីជាពួកគេធំដឹងក្តីហើយក៏ដោយ
៦. ទម្លាប់ធ្វើការសម្រេចជំនួសកូន៖ ទម្លាប់មួយនេះនឹងធ្វើឲ្យកូនរបស់លោកមិនហ៊ានធ្វើការសម្រេចិត្តដោយខ្លួនឯង រហូតទាល់តែពួកគេធំពេញវ័យ
៥. ចូលចិត្តឈ្លោះគ្នានៅមុខកូន៖ ឥរិយាបថនេះគឺធ្វើឲ្យកូនមានអារម្មណ៍ថា ការឈ្លោះប្រកែកគ្នាគឺជារឿងសាមញ្ញ ដូចនេះពេលធំឡើងពួកគេនឹងក្លាយជាមនុស្សដែលងាយនឹងបង្កើតជំលោះជាមួយអ្នកដទៃយ៉ាងខ្លាំង។
៤. ចូលចិត្តទាមទាឲ្យកូនធ្វើអ្វីដែលលើសពីសមត្ថភាពរបស់ពួកគេខ្លាំងពេក៖ ទម្លាប់មួយនេះនឹងធ្វើឲ្យកូនមិនរីករាយ ឬ សប្បាយចិត្តជាមួយនឹងលទ្ធផលនៃកិច្ចការដែលពួកគេបានខិតខំធ្វើអស់ពីលទ្ធភាពនោះទេ ផ្ទុយទៅវិញគេអាចនឹងមានអារម្មណ៍អន់ចិត្ត ព្រោះតែលទ្ធផលនោះនៅមិនទាន់អាចបំពេញតាមការចង់បានរបស់លោកអ្នក។
៣. លោកអ្នកតែងតែទុកឲ្យកូនស្ថិតនៅក្នុងស្ថានភាពងាយស្រួលគ្រប់ពេល៖ វាអាចធ្វើឲ្យកូនរបស់លោកអ្នកជាមនុស្សទន់ខ្សោយ ឬជាមនុស្សខ្ជិលមិនចេះធ្វើអ្វីដោយខ្លួនឯង។
២. មិនសូវយកចិត្តទុកដាក់ជាមួយកូន៖ ទម្លាប់រស់នៅដោយគ្មានភាពស្និតស្នាលជាមួយនឹងកូនដូចនេះ វានឹងធ្វើឲ្យកូនរបស់លោកអ្នកយកគំរូតាមនៅពេលដែលពួកគេធំឡើង ដូចនេះពួកគេនឹងមិនចេះបង្កើតភាពស្និតស្នាល ឬផ្អែមល្ហែមជាមួយនឹងគ្រួសាររបស់ពួកគេដែរ។
១. មិនដែលស្វែងយល់ពីអារម្មណ៍ពិតរបស់កូន៖ ពេលខ្លះកូនៗរបស់លោកអ្នកអាចមានរឿងជាច្រើននៅក្នុងចិត្តដែលមិនហ៊ាននិយាយចេញមកក្រៅ ដូចនេះលោកអ្នកគួរស្វែងយល់ពីចិត្តរបស់ពួកគេឲ្យបានច្រើន ដើម្បីចៀសវាងកុំឲ្យមានរឿងអន់ចិត្ត ឬតូចចិត្តធ្ងន់ធ្ងរ រហូតដល់ដំណាក់ចុងក្រោយដែលកូនរបស់លោកអ្នកហ៊ានធ្វើអត្តឃាតសម្លាប់ខ្លួនឯង៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside






