ដឹងទេថា មានតែប្រាសាទព្រះខ័នមួយគត់ ដែលនៅប្រើឈ្មោះដើមតាំងពីចាប់ផ្តើមកសាងប្រាសាទមក
- April 4, 2019
នៅក្នុងប្រទេសកម្ពុជាមានប្រាង្គប្រាសាទរាប់រយរាប់ពានប្រាសាទ ហើយយើងឃើញនាពេលសព្វថ្ងៃនេះឈ្មោះប្រាសាទទាំងអស់ត្រូវបានគេដាក់ឈ្មោះអោយថ្មី ដោយសារប្រាសាទភាគច្រើនមិនមានសិលាចារឹកណាអាចបញ្ជាក់ពីឈ្មោះណាមួយច្បាស់លាស់នោះទេ។ ភាគច្រើនខ្មែរយើងហៅឈ្មោះប្រាសាទតាមគ្នា និងដាក់ឈ្មោះតាមការនឹកឃើញ និងមើលឃើញ ហើយប្រាសាទខ្លះត្រូវបានដាក់ឈ្មោះអោយដោយអ្នករុករកបារាំង នៅពេលដែលបារាំងបានរកឃើញទីក្រុងបុរាណរបស់យើងនៅក្នុងសតវត្សទី ១៩។ ប៉ុន្តែតាមអ្នកនាំភ្ញៀវនៅក្នុងតំបន់អង្គរបានអោយដឹងថា មានប្រាសាទមួយ ដែលពួកយើងប្រើឈ្មោះដើមរបស់ប្រាសាទ ហើយប្រាសាទនោះគឺប្រាសាទព្រះខ័ន ដែលស្ថិតនៅក្នុងតំបន់អង្គរខេត្តសៀមរាបផងដែរ។
ប្រាសាទព្រះខ័នគឺជាប្រាសាទមួយ ដែលហ៊ុមព័ទ្ធដោយព្រៃឈើ និងមានលក្ខណៈស្រដៀងប្រាសាទតាព្រហ្មផងដែរ។ កាលពីដើមឡើយប្រាសាទនេះជាប្រាសាទដែលសាងសង់ឡើង និងឧទ្ទិសថ្វាយអោយបិតារបស់ព្រះបាទជ័យវរ្ម័នទី៧ដែលជាស្ថាបនិកទីក្រុងអង្គរធំ និងសង់ឡើងក្រោយទីក្រុងអង្គរធំ ប្រហែល១០ឆ្នាំ គឺនៅក្នុងឆ្នាំ ១១៩១ និងក្រោយប្រាសាទតាព្រហ្មប្រហែល៥ឆ្នាំ ដែលប្រាសាទតាព្រហ្មសង់ឡើងសំរាប់មាតារបស់ស្តេច។ បើយោងទៅតាមសិលាចារឹកបានអោយដឹងថា ប្រាសាទព្រះខ័នជាកន្លែងដែលស្តេចតំកល់ ”ព្រះខ័ន” របស់ទ្រង់ និងជាគ្រឹះស្ថានសំរាប់អោយពុទ្ធសាសនិកចូលសិក្សារៀនសូត្រនាពេលសម័យនោះ ។ បន្ថែមពីនេះនៅក្នុងសិលាចារឹកក៏បានរៀបរាប់ថា ចំនួនសាស្ត្រាចារ្យនៅក្នុងប្រាសាទនេះមាន ១០០០នាក់ និងអ្នករបាំចំនួន ១០០០នាក់ផងដែរ ដែលរស់នៅក្នុងប្រាសាទព្រះខ័ណ៕

អត្ថបទ៖ សុគុណា
- Share This Post:














