ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ លេចរូបរាងបណ្តើរៗហើយ គ្រោងបើកការដ្ឋានសាងសង់ប៉ុន្មានថ្ងៃទៀតនេះ
- March 18, 2019
នៅវេលាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងសមាជិកក្រុមការងារគម្រោងពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំសម្រាប់ពិធីសម្ពោធបើកការដ្ឋានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។
ផ្លូវល្បឿនលឿន ដែលមានប្រវែង ១៩០.៣៦គីឡូម៉ែត្រ នេះ គ្រោងសម្ពោធបើកការដ្ឋាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចន្លោះ គីឡូម៉ែត្រលេខ ៣៩ ផ្លូវជាតិលេខ៤។
ផ្លូវនេះសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឺងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាក ដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- Share This Post:




















