ឆ្នាំនេះមិនមានអង្គរសង្ក្រាន្តទេ មានតែសៀមរាបសង្ក្រាន្ត
- March 19, 2019
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅខេត្តសៀមរាបមិនមានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្នាក់ជាតិដូចបណ្តាឆ្នាំមុនៗទេ។ ប៉ុន្តែអាជ្ញាធរនឹងរៀបចំឲ្យមានជាព្រឹត្តិការណ៍ថ្នាក់ខេត្តគឺសៀមរាបសង្ក្រាន្ត។ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍បែបនេះប្រាប់អ្នកសារព័ត៌មាននៅក្រោយពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០១៩នេះ។

រូបភាពឆ្នាំមុន
ឯកឧត្តម បន្ថែមថា ឆ្នាំនេះសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេ ប៉ុន្តែសហភាពសហព័ន្ធយុវជនខេត្តសៀមរាប សហការជួយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ និងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយ៍ជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តនៅតំបន់ព្រះអង្គចេកព្រះអង្គចម។
ឯកឧត្តម បានបញ្ជាក់ថា បើទោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មិនបានធ្វើ ប៉ុន្តែសូមបងប្អូនមកកម្សាន្តសប្បាយនៅខេត្តសៀមរាបដូចឆ្នាំមុនៗទៀត ព្រោះនៅខេត្តសៀមរាប មានរៀបចំសៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយ៍ជាច្រើន។ ក្រៅពីនេះបងប្អូនអាចទៅកម្សាន្តនៅតាមប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិជាច្រើន សំបូរបែបទៀត ដែលមាននៅក្នុងខេត្តទេសចរណ៍មួយនេះ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តនៅខេត្តសៀមរាបសូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ជៀសវាមានគ្រោះថ្នាក់ចរាចរ និងសូមជួយថែរក្សាបរិស្ថានឱ្យបានល្អទាំងអស់គ្នា។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយស្ថាប័នជាតិច្រើន បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល៦ឆ្នាំមកហើយ គឺចាប់ពីតាំងពីឆ្នាំ២០១៣មកម្លេះ ហើយព្រឹត្តិការណ៍កន្លងមកនេះ បានបង្ហាញអំពីវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជាដែលមាននៅគ្រប់ទីកន្លែងនៃទឹកដី ហើយដែលបច្ចុប្បន្នកំពុងត្រូវបានយកចិត្តទុកដាក់ស្រាវជ្រាវ រុករកយកមកថែរក្សា និងអភិវឌ្ឍន៍។ ការលើកតម្លៃវប្បធម៌ និងទំនៀមទំលាប់ តាមរយៈការអប់រំ ការចូលរួម និងការកម្សាន្តរីករាយ នាឱកាសពីធីបុណ្យចូលឆ្នាំថ្មីក្នុងនាមជាមហាគ្រួសារខ្មែរជាមួយភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយស្មារតីសាមគ្គីភាព ភារតរភាព និងសុខដុមរមនីយកម្ម។ជាពិសេសព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានទាក់ទាញ់ភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ៕

រូបភាពឆ្នាំមុន

រូបភាពឆ្នាំមុន
ប្រភព៖ ការិយាល័យព័ត៌មាន សោតទស្សន៍ ខេត្តសៀមរាប
- Share This Post:






