សង្គម

ប្រាសាទណាក៏មានរូបអប្សរាដែរ ប៉ុន្តែមានតែនៅប្រាសាទអង្គរវត្តទេ ដែលមានរូបអប្សរាលក្ខណៈពិសេសជាងគេ ព្រោះតែ…

BY
Khmernote Media
April 6, 2019

តាមការពិតទៅនៅក្នុងប្រាសាទបុរាណខ្មែរយើងមានរឿងទាក់ទងទៅនឹងវប្បធម៌ អរិយធម៌ឥណ្ឌាជាច្រើនមិនថាតែសាសនា និងទំនៀមទំលាប់មួយចំនួននោះទេ។ ជាមួយគ្នានោះដែរ ជាក់ស្តែងដូចជារូបអប្សរា ដែលនៅតាមជញ្ចាំងប្រាសាទខ្មែរយើងជាច្រើន ប៉ុន្តែរូបទាំងអស់មានលក្ខណៈខុសគ្នាទាំងអស់គឹអាស្រ័យទៅលើពេលវេលា និងការសាងសង់ដោយស្តេចពីមួយជំនាន់ទៅមួយជំនាន់។ ដោយឡែក នៅក្នុងប្រាសាទអង្គរវត្ត យើងឃើញមានភាពខុសប្លែកជាច្រើនទៅនឹងប្រាសាទដ៏ទៃទៀត ដោយសារតែប៉ុន្មានចំនុចនេះ។

+ ចំនុចទីមួយ ប្រាសាទអង្គរវត្តមានរូបចំលាក់អប្សារារហូតដល់ទៅជាងពីរពាន់រូបឯណោះ ហើយមួយវិញទៀតចម្លាក់អប្សរានីមួយៗ សុទ្ធសឹងតែខុសគ្នាទាំងអស់ មិនថាទឹកមុខ ក្បាច់រាំ កាយវិការ ម៉ូតសក់ ក៏ដូចជាម៉ូតនៅលើសំពត់នោះទេ។ ហើយចម្លាក់នីមួយៗមើលទៅរស់រវេីកតែម្តង និងមានកាយវិការផ្សេងៗពីគ្នា ដោយមគ្គុទេសទេសចរណ៍ខ្លះគាត់ប្រាប់ថា រាល់កាយវិការរបស់អប្សរានៅក្នុងអង្គរវត្តគឺបង្ហាញក្បាច់រាំរបស់របាំអប្សរានេះតែម្តង។

បន្ថែមពីនេះទៅទៀត ពាក្យថា អប្សរាមានន័យថា ”នារីរបាំសួគ៌” ដែលពីដើមឡើយមុននឹងស្តេចធ្វើព្រះរាជពិធីអ្វីមួយរមែងតែងតែមានការសម្តែងរបាំអប្សរា ក្នុងគោលបំណងដើម្បីប្រោះព្រំលើករាស្សីមុនកម្មវិធីសាសនារបស់ស្តេចចាប់ផ្តើមប្រារព្ធ។ មិនតែប៉ុណ្ណោះរូបអប្សរាមានប្រភពមកពីរឿងទេវកថារបស់សាសនាហីនឌូ ក្នុងរឿងកូរសមុទ្រទឹកដោះ ហើយប្រសិនបើចង់ឃើញរឿងនេះនៅក្នុងប្រាសាទអង្គរវត្តយើងអាចដើរទៅផ្នែកខាងកើតឈាងខាងត្បូងជាន់ទីពីរនៃប្រាសាទ នោះយើងនឹងឃើញពីចម្លាក់ ដែលដូនតាយើងបានឆ្លាក់ជាប់នៅនឹងជញ្ជាំង។

គួរបញ្ចាក់ផងដែរថា ប្រាសាទអង្គរវត្តធ្លាប់ជាប្រាសាទដែលទុកឧទ្ទិសថ្វាយដល់ព្រះវិស្ណុក្នុងសាសនាព្រាហ្មណ៍ និងត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ក្នុងឆ្នាំ ១១១៣ដល់ឆ្នាំ១១៥០។ បើចង់ឃើញច្បាស់យើងអាចមកប្រាសាទនេះហើយពិនិត្យពីចម្លាក់មួយទៅចម្លាក់មួយ នោះអ្នននឹងឃើញពីភាពខុសគ្នា និងភាពអស្ចារ្យនៃចម្លាក់ទាំងអស់នៅក្នុងប្រាសាទមួយនេះ៕

អត្ថបទ៖ សុគុណា

Share This Post: