ថ្ងៃមហាសង្ក្រាន្តជិតមកដល់ហើយ! មកដឹងពីរណ្ដាប់ថ្វាយទេវតា ឆ្នាំថ្មី ឆ្នាំកុរ និងប្រវត្តិចូលឆ្នាំខ្មែរ
- April 12, 2019
បុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុកាលច្រើនឆ្នាំណាស់មកហើយ ដែលបុណ្យនេះតែងប្រារព្ធធ្វើឡើងតាមចន្ទគតិបុរាណ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត។ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺតែងធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ឬ ១៤ខែមេសា ដោយដូនតាខ្មែរយើងបានសម្រេចថាខែនេះគឺជាខែដែលល្អ ដោយបងប្អូនប្រជាកសិករទាំងឡាយបានប្រមូលផលស្រូវ បន្លែ និងផ្លែឈើរួចរាល់ និងមានពេលសម្រាកគ្រប់គ្រាន់មុនពេលរដូវវស្សាចាប់ផ្តើម។
សង្ក្រានឆ្នាំថ្មីនេះ នឹងចូលមកដល់នៅថ្ងៃអាទិត្យទី១០ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ១២នាទីរសៀល។ ដោយទេពធីតាដែលនឹងយាងចុះមកបន្តវេនមានព្រះនាមថា ទុង្សៈទេវី ដែលជាបុត្រទី១នៃកបិលមហាព្រហ្ម តំណាងឲ្យថ្ងៃអាទិត្យ មានសៀតផ្កាទទឹមនៅនឹងព្រះកាណ៌ (ត្រចៀក) សោយផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ជាអាហារ គ្រងឈុតពណ៌ក្រហម អង្គុយពាក់ឆៀង ជិះពាហនៈឥន្ទ្រីនុ (គ្រុឌ) ជាយាន្តជំនិះ ព្រះហស្តស្តាំកាន់កងចក្រ និងព្រះហស្តឆ្វេងកាន់ខ្យងស័ង្ខ។
ពិធីបុណ្យប្រពៃណីខ្មែរចែកចេញជាបីថ្ងៃ ដោយថ្ងៃទី១ហៅថា ថ្ងៃមហាសង្រ្កាន្ត ដែលជាថ្ងៃទេពធីតាយាងចុះមកភពផែនដី ដោយមានការរៀបចំទទួលសែនព្រេនពីបងប្អូនប្រជាជនខ្មែរ ដោយមានជាគ្រឿងសំណែន និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ។ ថ្ងៃទី២ ជាថ្ងៃ វិរ:វ័នបត ដោយបងប្អូនប្រជាពលរដ្ឋខ្មែរតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅតាមទីវត្តអារាម អ្នកខ្លះគេចែកទានដល់អ្នកក្រខ្សត់។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយ បង្សុកូលចេតិយ បញ្ជូនមគ្គផល ដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ។ ថ្ងៃទី៣ជាថ្ងៃបង្ហើយ ត្រូវនឹងថ្ងៃ វារៈឡើងស័ក ដែលជាការផ្លាស់ប្ដូរសករាជថ្មីនៃឆ្នាំសត្វទាំង១២ ហើយថ្ងៃទីបីនេះជាថ្ងៃផ្សារភ្ជាប់ទៅនឹងពិធីស្រង់ព្រះ ដែលពុទ្ធបរិស័ទត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ដែលទាក់ទងនិងប្រវត្តិព្រះកែវមរកត។ កូនៗទាំងអស់ត្រូវស្រង់ព្រះកន្លោង (ឪពុកម្តាយអ្នកមានគុណ) នៅក្នុងផ្ទះដើម្បីជាការលាងបាប ហើយជាការដឹងគុណក្នុងការផ្ដល់កំណើត ចិញ្ចឹមបីបាច់ និងលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ៕







ប្រភព៖ ឯកសារស្រាវជ្រាវទាក់ទងនឹងប្រវត្តិចូលឆ្នាំខ្មែរ និង វីគីភីឌាខ្មែរ
ប្រភពរូប៖ បុណ្យភូមិ និង អង្គរសង្ក្រាន្ត
អត្ថបទ៖ មេសា
- Share This Post:






