បុរសម្នាក់កំពុងតែមានបញ្ហាបេះដូងលោតខុសចង្វាក់ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ ហើយជិះឆ្លងកាត់ផ្លូវជង្ហុកក្រហេងក្រហូងរលាក់ចុះរលាក់ឡើង ធ្វើឲ្យបេះដូងលោតមកធម្មតាវិញ
អាមេរិក៖ អាចនិយាយបានថា វាជាករណីកម្រមួយ ដែលជង្ហុកក្រហេងក្រហូងនៅលើដងផ្លូវ បានជួយសង្គ្រោះបុរសម្នាក់ ពីបញ្ហាបេះដូងលោតខុសប្រត្រតី ខណៈដែលជនរងគ្រោះកំពុងត្រូវបានគេដឹកក្នុងរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Nebraska ភាគខាងលិចសហរដ្ឋអាមេរិក។ បុរសជាជនរងគ្រោះត្រូវបានសារព័ត៌មាន WORLDOFBUZZ រាយការណ៍ថា មានអាយុ ៥៩ ឆ្នាំ និងជាមនុស្សដែលមានជំងឺបេះដូងប្រចាំកាយម្នាក់ផងដែរ។
នៅក្នុងថ្ងៃកើតហេតុជនរងគ្រោះស្រាប់តែមានបញ្ហាបេះដូងលោតញាប់ខុសប្រក្រតីគឺចង្វាក់បេះដូងឡើងដល់ ២០០ ដងក្នុងមួយនាទី។ ភ្លាមនោះជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលមានចម្ងាយ ១១ គីឡូម៉ែត្រពីផ្ទះ និងត្រូវធ្វើដំណើរនៅផ្លូវដែលមានជង្ហុកជាច្រើនផងដែរ។ ជាសំណាងល្អស្រាប់តែក្រោយធ្វើដំណើរលើផ្លូវ ដែលមានជង្ហុកក្រហេងក្រហូងបានត្រឹមតែពាក់កណ្តាលផ្លូវនោះ ស្រាប់តែចង្វាក់បេះដូងរបស់គាត់ក៏វិលមកធម្មតាវិញ ដោយមិនចាំបាច់ត្រូវការសង្គ្រោះបន្ទាន់ពីក្រុមវេជ្ជបណ្ឌិតឡើយ។ ហេតុការណ៍នេះត្រូវបានគេចាត់ទុកថា ជាសំណាងមួយនៅក្នុងមួយពាន់គ្រោះថ្នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz

