ឃើញប្រុសៗមួយចំនួននៅថៃ មានក្បាលពោះ៦កង់ កុំច្រលំឲ្យសោះមិនមែនធម្មជាតិឡើយ គឺវះកាត់យក៦កង់ទេ
ថៃ៖ និន្នាការនៃការវះកាត់យកសាច់ដុំក្បាលពោះ ៦ កង់ ហាក់កំពង់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ក្រុមបុរសមួយចំនួននៅក្នុងប្រទេសថៃ។ ក្រោយមានការបែកធ្លាយរូបភាពនៃការវះកាត់កែសាច់ដុំក្បាលពោះនៅក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះរួចមក មានសាធារណៈជនជាច្រើនបានកើតមានចម្ងល់ថា តើការវះកាត់នេះដំណើរការទៅយ៉ាងដូចម្តេច? អាចធ្វើបាននៅកន្លែងណា និងមានតម្លៃយ៉ាងដូចម្តេចដែរ? បើយោងតាមការចុះផ្សាយរបស់សារព័ត៌ WORLDOFBUZZ មានឲ្យដឹងថាសេវាកម្មវះកាតត់យកសាច់ដុំក្បាលពោះ ៦ កង់ មានបម្រើនៅមន្ទីរពេទ្យ Masterpiece , គ្លីនិច Sib និងមន្ទីរពេទ្យសម្រាប់កែរសម្ភស្ស Kamol ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាំងកកប្រទេសថៃ។
ចំពោះតម្លៃនៃការវះកាត់វិញ ត្រូវបានគេរាយការណ៍ថាប្រមាណជា ៣,៧០០ ដុល្លារអាមេរិក។ បើតាមលោក Raweewat វេជ្ជបណ្ឌិតទទួលវះកាត់កែសាច់ដុំក្បាលពោះបានឲ្យដឹងថា សេវាវះកាត់នេះបានកើតមាននៅក្នុងក្រុងបាងកកប្រមាណជា ៣ ឆ្នាំមកហើយ។ លោកបានបន្តថា ការវះកាត់ពុំមានគ្រោះថ្នាក់ ឬបង្កការឈឺចាប់នោះទេ ហើយរហូតមកទល់នឹងពេលនេះ លោកទទួលបានអតិថិជនប្រមាណជា ២០-៣០ នាក់ជារៀងរាល់ខែ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz


