ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ សារធាតុញៀនកូកាអ៊ីន និងសារធាតុពុលនៅក្នុងបង្គានៅប្រទេសអង់គ្លេស
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា បង្គាទឹកសាបនៅក្នុងប្រទេសអង់គ្លេសមានផ្ទុកនូវសារធាតុគ្រឿងញៀនកូកាអ៊ីន និងសារធាតុពុលជាច្រើន។ ការរកឃើញនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ King’s College London និងសាកលវិទ្យាល័យ Suffolk និងបានសិក្សាទៅលើបង្គាទឹកសាប ដែលគេយកចេញពីប្រភពទឹកចំនួន ១៥ កន្លែងផ្សេងគ្នានៅក្នុងតំបន់ Suffolk ភាគខាងលិចនៃប្រទេសអង់គ្លេស។

លទ្ធផលនៃការសិក្សាពិតជាបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាបង្គាទាំងអស់នោះរស់នៅក្នុងប្រភពទឹក ដែលគេគិតថា ជាប្រភពទឹកស្អាត ប៉ុន្តែផ្ទុយទៅវិញពួកវាសុទ្ធតែមានផ្ទុកនូវជាតិពុលយ៉ាងច្រើន និងមានផ្ទុករហូតដល់ជាតិកូកាអ៊ីនទៅទៀត។ ក្រោយការរកឃើញខាងលើនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញការព្រួយបារម្ភអំពីការបំពុលបរិស្ថានជាខ្លាំង និងបានបំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែរួមគ្នាប្រុងប្រយ័ត្ន និងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN