កោះបាលីគ្រោងនឹងគិតថ្លៃពន្ធលើភ្ញៀវទេសចរ
ឥណ្ឌូនេស៊ី៖ រដ្ឋបាលខេត្តបាលី ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងបង្កើតច្បាប់ ដើម្បីគិតថ្លៃពន្ធលើភ្ញៀវទេសចរ មកកំសាន្តនៅលើកោះបាលី ដែលជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតប្រចាំខេត្តមួយនេះ។ បើយោងតាមលោក Wayan Koster អភិបាលខេត្តបាលីបានឲ្យដឹងថា ការគិតថ្លៃពន្ធនេះគឺជាតម្លៃនៃការចូលរួមពីសំណាក់ភ្ញៀវទេសចរដើម្បីប្រើប្រាស់ក្នុងការអភិរក្សបរិស្ថាន វប្បធម៌ និងការផ្តល់ជូនបន្ថែមផ្សេងៗទៅកាន់ភ្ញៀវទេសចរវិញ និងសម្រាប់ខេត្តទាំងមូលផងដែរ។

លោកបានបញ្ជាក់ថា បើទោះជាត្រូវបង់ពន្ធមែន តែអ្នកដំណើរទាំងអស់នឹងរីករាយជាមួយនឹងអ្វីដែលពួកគេបានទទួលត្រលប់ទៅវិញ ទាំងការស្នាក់នៅ ហូបចុក និងសកម្មភាពកំសាន្តផ្សេងៗ។ តាមការអះអាងរបស់អភិបាលខេត្តរូបនេះបានឲ្យដឹងដែរថា សេចក្តីព្រាងនៃការបង្កើតច្បាប់គិតពន្ធនេះត្រូវបានគេបញ្ជូនដល់រដ្ឋាភិបាលហើយ និងបើគ្មានអ្វីជាឧបសគ្គទេ ច្បាប់នេះអាចនឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះហើយ។ សូមបញ្ជាក់ជូនថា កោះបាលីនឹងក្លាយជាកោះដំបូងគេដែលមានការគិតពន្ធលើអ្នកទៅកំសាន្ត និងជាគំរូមួយសម្រាប់តំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ coconuts