អន្តរជាតិ

តើបញ្ហាខ្វះទឹកស្អាតប្រើប្រាស់អាចនាំឲ្យកើតមានសង្គ្រាមដែរឬទេ?

BY
Khmernote Media
May 21, 2019

ការកើនឡើងនៃកម្ដៅនៅលើភពផែនដីបានជំរុញឲ្យមានគ្រោះធម្មជាតិជាច្រើនកើតឡើងដែរ ដូចជាទឹកជំនន់ បញ្ហាបាក់ដីឬស្រុតដី ព្យុះ ភ្លៀង និងជាពិសេសនោះគឺបញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់តែម្តង។ បើយោងតាមរបាយការណ៍ ដែលបានចុះផ្សាយតាមរយៈសារព័ត៌មាន METRO បានឲ្យដឹងថា បច្ចុប្បន្ននេះមានប្រជាជនប្រមាណជា ៥ ពាន់លាននាក់ ឬស្មើនឹង ៨០% នៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក កំពុងតែប្រឈមនឹងបញ្ហា ខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់។

តាមការសិក្សាបានរកឃើញថា បញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់បានបង្កឲ្យមានបញ្ហាសំខាន់ៗជាច្រើនទៀតដូចជា បញ្ហាប្រព័ន្ធសេដ្ឋកិច្ចសង្គម ភាពក្រីក្រ វិសមភាពសង្គម ប៉ះពាល់ដល់ការផលិតចំណីអាហារ ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលសម្រាប់ប្រើប្រាស់ និងបញ្ហាសំខាន់ៗជាច្រើនចំណុចទៀត។ ដោយមានការរកឃើញដូចនេះហើយ ទើបបានជាមានសំនួរមួយចោទសួរថា “តើបញ្ហាខ្វះទឹកស្អាតប្រើប្រាស់អាចនាំឲ្យកើតមានសង្គ្រាមដែរឬទេ?”

បើយោងតាមការបកស្រាយរបស់លោកបណ្ឌិត Famiglietti អ្នកឯកទេសផ្នែកបរិស្ថាន បានឲ្យដឹងថា បច្ចុប្បន្ននេះតម្រូវការនៃការប្រើប្រាស់ទឹកស្អាតនៅតំបន់អាស៊ីកណ្តាល និងអាមេរិកខាងត្បូងគឺមានខ្ពស់ជាងបរិមាណទឹកស្អាត ដែលបានកកើតឡើងវិញ។ លោកបានបន្តថា និន្នាការនេះនឹងជំរុញឲ្យមានសង្រ្គាមដណ្ដើមទឹកស្អាតកើតមានឡើងនៅពេលអនាគត។ សង្គ្រាមនឹងកើតឡើងក្រោមហេតុផលពីរយ៉ាង ទីមួយគឺការដណ្ដើមប្រភពទឹកស្អាតយកទៅគ្រប់គ្រងសម្រាប់លក់ ឬរក្សាទុកសម្រាប់ផលប្រយោជន៍ផ្សេងៗ។

ហេតុផលទីពីរគឺជម្លោះដណ្តើមទឹកស្អាតពីសំណាក់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលត្រូវការទឹក ឬមិនពេញចិត្តជាមួយនឹងវិសមភាពនៃការប្រើប្រាស់ទឹកស្អាតក្នុងចំណោមប្រជាពលរដ្ឋគ្នាឯងជាដើម។ ដើម្បីទប់ស្កាត់បញ្ហានេះអ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូបត្រូវផ្ដើមធ្វើការសន្សំសំចៃទឹកស្អាត និងរក្សាប្រភពទឹកស្អាតឲ្យមានល្អពីពេលនេះតទៅ ហើយរដ្ឋាភិបាលនៃប្រទេសនីមួយៗក៏ត្រូវផ្តើមគិតគូពីបញ្ហានេះដូចគ្នាដែរ ដោយធ្វើយ៉ាងណាកុំឲ្យមានវិសមភាពក្នុងការប្រើប្រាស់ទឹកស្អាតក្នុងចំណោមប្រជាពលរដ្ឋម្នាក់ៗឲ្យសោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ metro

Share This Post: