ខំចាយលុយជិត៣ពាន់ដុល្លារទិញលេខទូរស័ព្ទរើសយកលេខហុងស៊ុយ មានអីមិននាំសំណាង បែរជានាំទុក្ខទៅវិញ
ចិន៖ បុរសម្នាក់បានចំណាយប្រាក់អស់ជិត ៣ ពាន់ដុល្លារ ដើម្បីទិញលេខទូរស័ព្ទមានហុងស៊ុយខ្ពស់មកប្រើ តែចុងក្រោយលេខទូរស័ព្ទនោះបែរជានាំបញ្ហាឲ្យគាត់ទៅវិញ។ បុរសដែលបានជួបរឿងអកុសលនេះមានឈ្មោះថា Shen រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិន ហើយកាលពីខែមេសាកន្លងទៅនេះ គាត់បានទិញលេខទូរស័ព្ទដែលមានកន្ទុយ ៨៨៨ (ជាលេខដែលប្រជាជនចិនគ្រប់រូបជឿថាជាលេខមានហុងស៊ុយ និងនាំសំណាងល្អ) ក្នុងតម្លៃ ២០ ,០០០ យន់ (២,៨៩៥ ដុល្លារអាមេរិក) ដើម្បីយកទៅប្រើប្រាស់។ ជារឿងអកុសល កាលពីពេលថ្មីៗនេះនៅក្នុងខែ្សភាពយន្តភាគចិនមួយដែលមានចំណងជើងថា “Skynet Action” មានឈុតមួយបង្ហាញថា មានឧក្រិដ្ឋជនម្នាក់បានប្រើប្រាស់លេខទូរស័ព្ទដូចលេខរបស់លោក Shen តែម្តង ដើម្បីប្រព្រឹត្តិឧក្រិដ្ឋកម្មផ្សេងៗ។

ក្រោយបានទស្សនាឈុតនេះរួច ស្រាប់តែទស្សនិកជនជាច្រើនបាននាំគ្នាតេមកកាន់លេខនេះ ដើម្បីរំខានផង ដើម្បីបញ្ចេញកំហឹងតាមរយៈសាច់រឿងផង រហូតដល់លោក Shen គ្មានពេលប្រើប្រាស់ទូរស័ព្ទដើម្បីបំពេញការងារ និងសូម្បីតែពេលគេងក៏មានសំឡេងទូរស័ព្ទរំខានរកតែគេងមិនបានដែរ។ ក្រោយបានដឹងពីដំណើរសាច់រឿងនេះ លោក Shen បានគិតថា ការពិតលេខនេះជាលេខចង្រៃទៅវិញ ហើយជាក់ស្តែងសូម្បីតែក្នុងសាច់រឿងក៏ឧក្រិដ្ឋជនជាអ្នកប្រើលេខនេះដែរ។ ជុំវិញបញ្ហានេះដែរ លោក Shen គ្រោងនឹងប្តឹងទៅកាន់ក្រុមហ៊ុនផលិតខ្សែភាពយន្ត ដែលបានយកលេខទូរស័ព្ទរបស់គាត់ទៅប្រើប្រាស់ក្នុងសាច់រឿងដោយគ្មានការអនុញ្ញាតពីគាត់៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
