ផឹកស្រវឹងមិនទៅដេកបែរទៅរករឿងអ្នកលក់លតឆាត្រូវ១វែកបែកក្បាលដេរ៣ថ្នេរ
បន្ទាយមានជ័យ៖ បុរសជាទាហានម្នាក់ផឹកស្រាស្រវឹងជោគជាំបានដើរទៅរករឿងអ្នកលក់លតឆា បង្កជំលោះ ហើយក៏ត្រូវអ្នកលតឆាវាយក្បាល១វែកបណ្តាលឲ្យបែកក្បាលឈាមហូរជោគខ្លួនប្រាណដេរចំនួន៣ថ្នេរ។ ហេតុការណ៍ជម្លោះគ្នានេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខវេទិកាសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ភាគីអ្នកលក់លតឆាមានឈ្មោះ គីម សីម៉ា ហៅសេ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកជនបង្កមានឈ្មោះ ឡុង ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានមុខងារជាទាហាន។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនបង្កឈ្មោះ ឡុង ភក្តី បានឈប់ទិញលតឆាទាំងស្រវឹងស្រា ស្រាប់តែពេលនោះក៏បានយកស្រាទៅចាក់ចូលក្នុងខ្ទះឆាលត។ ឈ្មោះ គឹម សីម៉ា ហៅសេ ក៏ខឹងសម្បាក៏ឈ្លោះប្រកែកគ្នារហូតឈានដល់អំពើហិង្សាទាញវែកឆាវាយក្បាលជនបង្កឈ្មោះ ឡុង ភក្តី មួយវែកបណ្តាលឲ្យបែកក្បាលហូរឈាមជោគខ្លួនប្រាណដេរចំនួន៣ថ្នេរ។
ចំណែកអ្នកលក់លតឆានោះក៏ត្រូវបានជនបង្កឈ្មោះ ឡុង ភក្តី នោះទាញកៅអីជ័រវាយបកវិញបណ្តាលឲ្យរងរបួសជាំដៃឆ្វេង។ អ្នកលក់ដូរជិតខាងឃើញដូច្នោះក៏បានចូលទៅឃាត់ ហើយបានហៅសមត្ថកិច្ចជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ និងហៅភាគីទាំង២ទៅសាកសួរនិងដោះស្រាយគ្នានៅប៉ុសិ៍្តរដ្ឋបាលនគរបាល៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

